ខេត្តប៉ៃលិន÷ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ លើការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅតាមមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់ រដ្ឋបាលខេត្តប៉ៃលិន។
គណៈអធិបតី និងជាប្រធានអង្គប្រជុំ លោកស្រីបណ្ឌិត បានស្រីមុំ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជា កិច្ចការអាទិភាព និងជាបេសកកម្មដ៏ចម្បងបំផុត របស់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការងារនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់ ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី។
ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទាំងមូល លោកស្រីបណ្ឌិតអភិបាលខេត្ត បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ រួមមាន៖បង្កើនការត្រួតពិនិត្យលើការតាំងទីលំនៅ និងការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់ការលួចចូលមករស់នៅ ឬប្រព្រឹត្តបទល្មើសដោយខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត។
រឹតបន្តឹងទីតាំងប្រមូលផ្ដុំនិងកាស៊ីណូ÷ បង្កើនការឃ្លាំមើល និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ និងទីតាំងកាស៊ីណូនានា ដើម្បីលុបបំបាត់ជម្រកនៃបទល្មើស Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់។
បង្កើនការផ្ដល់សេវាសាធារណៈ÷ឆ្លើយតប និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ និងតម្លាភាព ស្របតាម «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងលះបង់ និងបំពេញភារកិច្ចកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕រាយការណ៍ដោយ លោក ស សារឿន


