សមត្ថកិច្ចខេត្តស្វាយរៀងមកបង្ក្រាបទីតាំងកែច្នៃ និងជួញដូរគ្រឿងញៀននៅក្រុងបាវិតដកហូតអាវុធ និងថ្នាំញៀនជិត ៣ គីឡូក្រាម

ខេត្តស្វាយរៀង÷ ជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ រួមជាមួយវត្ថុតាងសារធាតុញៀនទម្ងន់ជាង ២គីឡូក្រាម និងអាវុធខ្លីមួយដើម ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងហើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយពីត្រូវបានបង្ក្រាបក្នុងករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
​កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបើកយុទ្ធនាការក្តៅដើម្បីលុបបំបាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត។
​គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត។ ប្រតិបត្តិការនេះក៏ទទួលបានការសម្របសម្រួលផ្នែកច្បាប់ផ្ទាល់ពី ឯកឧត្ដម ខាំ សុភារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ផងដែរ រហូតឈានទៅដល់ការបំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ (ភេទប្រុស) នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
​នៅក្នុងកិច្ចប្រតិបត្តិការឆ្មក់បង្ក្រាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងខុសច្បាប់មួយចំនួនធំ រួមមាន៖
​សារធាតុញៀន សរុបទម្ងន់ ២គីឡូក្រាម និង ៦៦៦.៩៨ក្រាម
​ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង
​ អាវុធខ្លី ០១ដើម និងដាវ ០១ដើម
​ ទូរស័ព្ទដៃ ០៣គ្រឿង និងថេបប្លេត (Tablet) ០២គ្រឿង
​ព្រមទាំងសម្ភារសម្រាប់បម្រើឱ្យការកែច្នៃ និងប្រើប្រាស់មួយចំនួនទៀត។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ក្នុងការបន្តនីតិវិធីកាត់ទោសទៅតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕សម្រួលអត្ថបទ÷ដោយ លោក មុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន