ខេត្តបាត់ដំបង÷បង្ហាញពីស្នាដៃដ៏ឆ្នើម និងការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពសង្គម គិតមកត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់តូបលួចទូរស័ព្ទ) និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការបំបែកបទល្មើសយ៉ាងរហ័សទាន់ចិត្តនេះ បានធ្វើឡើងនៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ យុទ្ធនាការនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡោះ ស៊ីណាត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវបានក្រុមចោរដាច់ខាតគាស់សោតូប ចូលលួចទូរស័ព្ទដៃអស់ប្រហែល ៤០គ្រឿង និងប្រាក់រៀលចំនួន ៥០,០០០រៀល កាលពីវេលាម៉ោង ០៣:០០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។
សកម្មភាពបង្ក្រាបប្រកបដោយជំនាញ និងទាន់ពេលវេលារបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកើតហេតុ មុខសញ្ញាទាំងអស់ត្រូវបានវាយខ្នោះយកមកផ្តន្ទាទោស។ ជនសង្ស័យទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន÷
១. ឈ្មោះ លឿន ចាន់ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
២. ឈ្មោះ ចំរើន សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
៣. ឈ្មោះ ចាន់ វិចិត្រ ហៅផាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្លា សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
៤. ឈ្មោះ ណាត រ៉ូហ្សា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្លាកែត សង្កាតស្លាកែត ក្រុងបាត់ដំបង។
៥. ឈ្មោះ ថេត្ វ៉ាន់នី ហៅ ដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញដកហូតបានវត្ថុតាងរួមមាន៖ ទូរសព្ទដៃចំនួន២៧គ្រឿង.ម៉ូតូ០២គ្រឿង អាវម៉ូតូ០១ឈុត និងកាបូបស្ពាយចំនួន០២។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជ័យដែន


