ធ្លាយអាថ៌កំបាំងនៅ ច្រករបៀងសំយ៉ោង ឡានយក្សសម្រុកដឹកទំនិញគេចពន្ធ និងថ្មធ្យូង ឆ្លងដែនយប់អាធ្រាត យីហោ លោក រស់ភឿនមេប៉ុស្តិ៍បើកភ្លើងខៀវល្បីមានខ្នងបង្អែករឹងមាំជាអ្នកចាំការពារពីក្រោយខ្នង

​ខេត្តស្វាយរៀង÷ ប្រភពច្បាស់ការណ៍ពីក្រុមអាជីវករ និងប្រជាពលរដ្ឋរស់នៅក្បែរខ្សែបន្ទាត់ព្រំដែន បាននិងកំពុងលើកឡើងនូវការរិះគន់ចំៗ ជុំវិញសកម្មភាពមិនប្រក្រតីនៃការមិនគោរពច្បាប់ ករណីក្រុមឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងថ្មធ្យូងឆ្លងដែនយ៉ាងគំហុកនៅពេលរាត្រី។ សកម្មភាពនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងក្រោមខ្សែភ្នែក និងការ «បើកភ្លើងខៀវ» ពីសំណាក់លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ដែលជាអ្នកមានសិទ្ធិអំណាចពេញដៃក្នុងការបើកបារ៉ាស់ឱ្យក្រុមឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។សកម្មភាពដឹកជញ្ជូនខុសច្បាប់និងឃ្លាំងស្តុកបង្កប់អាថ៌កំបាំង
​តាមប្រភពពីមូលដ្ឋានបានឱ្យដឹងថា រថយន្តធុនធំប្រភេទវ៉េអង (ឡានយីឌុបយក្ស) បានដឹកជញ្ជូនថ្មធ្យូង ចេញពីប្រទេសវៀតណាមចូលមកដីខ្មែរយ៉ាងរលូន។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញក៏បាននាំទំនិញគេចពន្ធ និងទំនិញសង្ស័យខុសច្បាប់ជាច្រើនប្រភេទទៀត ដូចជា ស្ករស ក្រណាត់ និងខោអាវគីប បង្កប់ក្នុងទូរថយន្តបិទជិត រួចយកមកផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលស្ថិតនៅលើដីរបស់លោក រស់ ភឿន ផ្ទាល់ នៅក្បែរប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង។
​បន្ទាប់មក ទើបមានរថយន្ត និងត្រាក់ទ័រខ្នាតយក្សរបស់វៀតណាម ឆ្លងដែនមកទទួលបន្តដឹកជញ្ជូនចូលទៅប្រទេសវៀតណាមវិញ យ៉ាងអនាធិបតេយ្យ។
សកម្មភាពយប់អាធ្រាតបង្កការរំខាននិងទំនាស់ជាមួយអ្នកសារព័ត៌មាន
​ជាក់ស្តែង នៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនថ្មធ្យូងយកមកស្តុកទុកក្នុងឃ្លាំងខាងលើ ដើម្បីត្រៀមចែកចាយបន្តទៅកាន់ទីផ្សារដោយសេរី។ សកម្មភាពនេះធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ឮសូរ ទ្រហឹងអឹងកងចាប់ពីម៉ោង ៧:៣០ នាទីយប់ រហូតដល់ពាក់កណ្ដាលអាធ្រាត្រ ដោយរថយន្តចំណុះពី ៤៥ ទៅ ៥០ តោន បើកបរឆ្លងកាត់ទាំងបំពាន បង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
​អ្វីដែលធ្វើឱ្យមហាជនកាន់តែក្តៅក្រហាយនោះគឺ នៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីទំនាស់ពាក្យសម្តីយ៉ាងតានតឹងមួយបានកើតឡើង រវាងក្រុមរំដោះឡាន និងអ្នកយកព័ត៌មាន ដែលចុះទៅផ្តិតរូបភាពជាក់ស្តែង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សកម្មភាពកាងបទល្មើស និងមិនខ្លាចញញើតច្បាប់របស់ក្រុមឈ្មួញបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា លោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងនេះ ប្រហែលជាអាងមានខ្នងបង្អែករឹងមាំណាមួយនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយមើលទៅ ទើបរក្សាភាពស្ងៀមស្ងាត់បណ្តោយឱ្យបទល្មើសកើតឡើងពេញបន្ទុកបែបនេះ។
​សកម្មភាពអនាធិបតេយ្យ និងការបណ្តែតបណ្តោយឱ្យមានការនាំទំនិញគេចពន្ធឆ្លងដែននេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ ក៏ដូចជាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។
​ហេតុនេះ អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំ និងអំពាវនាវយ៉ាងទទូចដល់៖
​ឯកឧត្តម ប៉េង ពពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ ទោ ពេជ្រ វិរ: ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
​មេត្តាជួយពិនិត្យ និងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ទៅលើភាពមិនប្រក្រតីរបស់លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងសំយ៉ោងនេះផង ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់អាចសុំការបំភ្លឺ ឬពន្យល់ណាមួយពីលោកមេប៉ុស្តិ៍ រស់ ភឿន បាននៅឡើយទេ ដោយសារមិនមានលេខទូរសព្ទទំនាក់ទំនង។ អង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីសាមីខ្លួន និងស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ។
​អង្គភាពគេហទំព័រ “ប្រម៉ញ់ជាយដែន TV” ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ដើម្បីជម្រាបជូនមហាជន និងថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន ក្នុងបំណងចូលរួមថែរក្សាផលប្រយោជន៍ជាតិ និងសង្គមទាំងមូលតែប៉ុណ្ណោះ។