​ក្រឡុកសម្បុក គ្រឿងញៀននៅក្រុងប៉ោយប៉ែត កម្លាំងជំនាញដេញប្រកិត ឃាត់ខ្លួនជន់សង្ស័យ៣នាក់ រឹបអូសថ្នាំញៀន និងជញ្ជីងថ្លឹងមួយចំនួន

ខេត្តបន្ទាយមានជ័យ÷ ក្រោមការបញ្ជាផ្ទាល់ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្ដៅគគុក ដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាប់ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
​ប្រតិបត្តិការដ៏ជោគជ័យនេះ ត្រូវបានធ្វើឡើងនៅចំណុចមណ្ឌល៥ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
​លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ផ្ដើមចេញពីកិច្ចសហការល្អរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយមានប្រជាពលរដ្ឋរាយការណ៍តាមទូរសព្ទមកថាមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងផ្ទាល់ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ រួមមាន៖
​១.ឈ្មោះ ឆោម ឆៃអ៊ុី ភេទប្រុស អាយុ ២៧ឆ្នាំ (ជនជាតិខ្មែរ) ឃាត់ខ្លួនបានមុនគេនៅវេលាម៉ោង ១០:០០នាទីព្រឹក ដោយដកហូតបានម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០១កូនថង់តូច និងទូរសព្ទដៃ ០១គ្រឿង។
​ក្រោយពីការសាកសួរ និងពន្លាតស៊ើបអង្កេត ជនសង្ស័យឈ្មោះ ឆោម ឆៃអ៉ី បានសហការចង្អុលបង្ហាញមុខសញ្ញាបន្ត។ រហូតដល់វេលាម៉ោង ១០:៣០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនមេខ្លោងជាម្ចាស់ថ្នាំញៀនម្នាក់ទៀត គឺ៖
២.ឈ្មោះ សួន សុច(ហៅម៉ាប់) ភេទប្រុស អាយុ ២៩ឆ្នាំ (ជនជាតិខ្មែរ) នៅក្នុងបន្ទប់ជួលលេខ៣១ ដោយដកហូតបានវត្ថុតាងរួមមាន៖
​ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កូនថង់តូច
​ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ (WY) ចំនួន ១៦៨គ្រាប់ (ក្នុងនោះមានពណ៌បៃតង ០២គ្រាប់)
​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
​ក្នុងខណៈពេលដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងត្រួតពិនិត្យ ស្រាប់តែមានបក្ខពួកម្នាក់ទៀតឈ្មោះ សូរ សាក់
ភេទប្រុស អាយុ ៣៨ឆ្នាំ (ជនជាតិខ្មែរ) បានដើរចូលមកសួររកឈ្មោះ សួន សុច (ហៅ ម៉ាប់) ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ទៀត រួមនឹងទូរសព្ទដៃ ០១គ្រឿង។
​ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ០៣នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។ តាមរយៈការធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលបង្ហាញថា ជនសង្ស័យទាំង ០៣នាក់ សុទ្ធតែមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន (វិជ្ជមាន +) ទាំងអស់។
​នេះជាស្នាដៃដ៏ធំធេង និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ ឆ្លើយតបភ្លាមៗទៅនឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់គ្រឿងញៀន និងរក្សាសុខសុវត្ថិភាពជូនសហគមន៍ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕សម្រស់អត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន