ភ្នំពេញ÷ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែរឹតបន្តឹង និងចាត់វិធានការក្តៅគគុកក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីពង្រឹងសន្តិសុខសង្គម បែរជាមាន «ដំបៅមហារីក» មួយកន្លែង កំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ នោះគឺទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលកំពុងបើកដំណើរការអូសទាញក្រុមអ្នកញៀនល្បែងឱ្យចូលលេងយ៉ាងពពាក់ពពូននៅជាន់ទី៣ នៃផ្សារទំនើបលំដាប់អន្តរជាតិ អ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះគឺ វត្តមានល្បែងស៊ីសងដ៏ធំនេះ បែរជាអាចដំណើរការទៅបានយ៉ាងរលូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលរកស៊ីលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន១ បានទម្លាយឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅជាន់ទី៣ នោះ បានដុះស្លែទៅហើយ ដោយមានមនុស្សម្នាចម្រុះវ័យ ទាំងក្មេង ទាំងចាស់ ស្រី ប្រុស ចូលទៅប្រមូលផ្តុំគ្នាភ្នាល់ចាក់លុយយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ ការណ៍នេះបានបង្កើតជាសំណួរចាក់ដោតមួយទៅកាន់អាជ្ញាធរខណ្ឌចំការមនថា៖ ” តើភ្នែកអាជ្ញាធរមើលមិនឃើញ ឬមួយក៏ត្រូវថ្នាំសណ្ដំអ្វីទើបបានជារក្សាភាពស្ងៀមស្ងាត់ដូចចោរលួចចម្លងបែបនេះ “។
សកម្មភាពបណ្តោយឱ្យល្បែងស៊ីសងដុះស្លែក្នុងទឹកដីខណ្ឌចំការមននេះ ត្រូវបានគេមើលឃើញថា ជាការផ្គើនយ៉ាងចំហទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលបានបញ្ជាដាច់ណាត់ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឱ្យចាត់វិធានការបង្ក្រាប និងបញ្ឈប់រាល់អាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ដោយគ្មានការលើកលែង ទោះជាមានច្បាប់ ឬគ្មានច្បាប់ក៏ដោយ។ ប៉ុន្តែ មកទល់ពេលនេះ ស្ថាប័នពាក់ព័ន្ធប្រចាំខណ្ឌចំការមន ហាក់បីដូចជាកំពុងបិទភ្នែក បិទត្រចៀក មិនព្រមចាត់កម្លាំងចុះទៅទប់ស្កាត់ ឬបង្ក្រាបឡើយ។
ការព្រងើយកន្តើយរបស់សមត្ថកិច្ចមូលដ្ឋាន បានបង្កជាក្តីបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះតែ «ល្បែងស៊ីសងជាមេបាបនៃវិនាសកម្ម»។ កាលណាមានល្បែង វានឹងនាំមកនូវគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសអសន្តិសុខសង្គមផ្សេងៗទៀត ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងការគាស់ផ្ទះសម្បែងជាមិនខាន ដែលផ្ទុយស្រឡះពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ។
ក្នុងន័យស្ថាបនា និងដើម្បីស្តារជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមានសមត្ថកិច្ចឡើងវិញ អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯតឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការននគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញកម្រិតស្រាលចុះស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបសម្បុកល្បែងស៊ីសងខុសច្បាប់នៅជាន់ទី៣ នៃផ្សារទំនើបអ៊ីអន១ នេះជាបន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបោសសម្អាតសង្គមឱ្យស្អាតស្អំ និងរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសដៅដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន។ សូមអរគុណ


