ឌឺដងរឿងស៊ីម៉ាំងលឺខ្លាំង! ក្មេងទំនើង ៣នាក់ ធាក់ម៉ូតូកូនសិស្សទាំងកណ្តាលថ្ងៃ ត្រូវនគរបាលក្រុងសិរីសោភ័ណក្របួចជាប់!

​ខេត្តបន្ទាយមានជ័យ÷ ក្រុមក្មេងទំនើងចំនួន ៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងព្រហើន ដោយជិះម៉ូតូដេញធាក់ម៉ូតូរបស់សិស្សសាលាម្នាក់ទាំងកណ្តាលថ្ងៃត្រង់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយនគរបាលស្រុកស្វាយចេក ស្រាវជ្រាវក្របួចខ្លួនបានជាបន្តបន្ទាប់ ក្រោយរត់គេចខ្លួនបានមិនទាន់ប៉ុន្មានផង។
​កិច្ចប្រតិបត្តិការបង្ក្រាបទាន់កាត់ជើងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ។
​សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខមន្ទីរធនធានទឹក ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង ៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ដេញតាមធាក់ម៉ូតូជនរងគ្រោះដែលកំពុងចេញពីសាលារៀន ក្នុងមូលហេតុខឹងសម្បារឿង «ម៉ូតូជនរងគ្រោះជិះវ៉ា ចំពេលមានសំឡេងបំពង់ស៊ីមាំងលឺខ្លាំង»។ ក្រោយបង្កហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល តែមិនអាចលាក់ខ្លួនជិតពីសមត្ថកិច្ចនោះឡើយ។
​ក្រោយបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក នគរបាលជំនាញបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យទាំង ៣រូប រួមមាន៖
១. ឈ្មោះ អ៊ុន សំអេច (អាយុ ១៧ឆ្នាំ)
២. ឈ្មោះ ផិត សុថុន (អាយុ ១៦ឆ្នាំ)
៣. ឈ្មោះ សុវណ្ណ វិចិត្រ (អាយុ ១៧ឆ្នាំ)
អ្នកទាំង៣គឺជាសិស្សនិងមានទីលំនៅក្នុងស្រុកស្វាយចេក ​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឱនក្បាលសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពធាក់ម៉ូតូជនរងគ្រោះពិតប្រាកដមែន ដោយសារតែអារម្មណ៍ឆេវឆាវមួយពេល។
​បច្ចុប្បន្ន នគរបាលក្រុងសិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងទាំងនេះ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕ សម្រួលអត្ថបទ÷ដោយលោក មុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន