រកឃើញសាកសពៃកុងទូកលិច ខណៈពលរដ្ឋរិះគន់អាជ្ញាធរឃុំថា ព្រងើយកន្តើយមិនដែលអើពើ

​ខេត្តកោះកុង÷ករណីគ្រោះធម្មជាតិដ៏រន្ធត់មួយបានកើតឡើងនៅលើផ្ទៃសមុទ្រនៃខេត្តកោះកុង ដោយសារតែខ្យល់កន្ត្រាក់និងរលកបោកបក់ខ្លាំង បណ្តាលឱ្យលិចទូកនេសាទមួយគ្រឿង។ ក្រោយការបាត់ខ្លួនអស់រយៈពេលមួយយប់ ពេលនេះសាកសពរបស់ជនរងគ្រោះ ដែលជាតៃកុងទូក និងជាម្ចាស់ទូកផងនោះ ត្រូវបានរកឃើញហើយ។
​តាមប្រភពព័ត៌មានពី លោក ទេស ឈាន មេប៉ុស្តិ៍រដ្ឋបាលឃុំថ្មស និងលោក ជាង កៀក មេប៉ុស្តិ៍នគរបាលជើងទឹក បានឱ្យដឹងថា ហេតុការណ៍លិចទូកនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៤០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ លុះមកដល់វេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ទើបប្រជានេសាទនិងសមត្ថកិច្ចបានរួមគ្នាស្វែងរក និងស្រង់សាកសពជនរងគ្រោះឡើងមកគោកវិញ។
​សពជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ អួក ផេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារដឹកជញ្ជូនយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅចំណុចផែបង្គា ក្នុងភូមិសាស្ត្រឃុំថ្មស។
​ជារៀងរាល់ឆ្នាំ ឃុំថ្មសតែងតែជួបប្រទះនូវព័ត៌មានដ៏ខ្លោចផ្សាអំពីការបាត់បង់ជីវិតរបស់បងប្អូនប្រជានេសាទដោយសារគ្រោះធម្មជាតិក្នុងសមុទ្រ។ ជុំវិញសោកនាដកម្មនេះ យើងខ្ញុំសូមលើយកការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់៖
សូមមេត្តាកុំប្រហែសនិងអាយុជីវិតខ្លួនឯងឲ្យសោះ មុននឹងចេញទូកទៅនេសាទ ត្រូវតែបំពាក់អាវពោងការពារសុវត្ថិភាពទៅតាមចំនួនមនុស្សនៅលើទូក (បើមានមនុស្ស ២នាក់ ត្រូវមានអាវពោងយ៉ាងតិច ២ ឬលើសពីនេះ) ដើម្បីធានាថា យើងអាចសង្គ្រោះជីវិតខ្លួនឯងបានទាន់ពេលវេលា នៅពេលជួបប្រទះខ្យល់ព្យុះ ឬរលកធំៗដែលកើតឡើងជាយថាហេតុ។
​ទន្ទឹមនឹងការបាត់បង់ជីវិតដ៏គួរឱ្យអាសូរនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទៅលើចំណាត់ការរបស់អាជ្ញាធរឃុំថ្មស។ ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថា នៅពេលដែលមានភ្លៀងខ្យល់ព្យុះបោកបក់ម្តងៗ គេកម្រ ឬមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះណែនាំ ឬផ្តល់ព័ត៌មានព្រមានជាមុនដល់ប្រជានេសាទនោះឡើយ។
​អ្វីដែលធ្វើឱ្យពលរដ្ឋក្ដៅក្រហាយថែមទៀតនោះគឺ សូម្បីតែពេលមានប្រជានេសាទបាត់បង់ជីវិតទៅហើយក្តី ក៏គេមិនដែលឃើញវត្តមាន លោក អោក កួន មេឃុំថ្មស ឬមេភូមិថ្មស ចុះមកសួរសុខទុក្ខ ចែករំលែកមរណទុក្ខ ឬចូលរួមបច្ច័យបន្តិចបន្តួចជាមួយគ្រួសារសពឡើយ ពោលគឺ «ស្ងាត់ដូចចោរលួចសេះ» ដែលទង្វើនេះត្រូវបានអ្នកស្រុកនិយាយចំៗថា ជាការអសមត្ថភាព និងខ្វះគុណធម៌ក្នុងការដឹកនាំ អត់អើពើចំពោះសុខទុក្ខពលរដ្ឋស្លាប់រស់ទាល់តែសោះ។
​ប្រជាពលរដ្ឋនៅទីនោះសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តកោះកុង នឹងបានឃើញព័ត៌មាននេះ ហើយជួយពិនិត្យមើលសកម្មភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិនៅក្នុងឃុំថ្មសនេះឡើងវិញ ដើម្បីកុំឱ្យពលរដ្ឋរងគ្រោះបាត់បង់ជីវិតផង និងរងភាពអយុត្តិធម៌ផ្លូវចិត្តពីអាជ្ញាធរថែមទៀត៕ អត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រមាញ់ជាយដែន