ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ល្បិចខ្ចីម៉ូតូយកទៅលក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ចាន់ ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានប្ដឹងរាយការណ៍ពីករណីរំលោភលើទំនុកចិត្ត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិចសុំប្រាក់ និងខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង 1L-0874 ដោយប្រាប់ថាខ្ចីជិះទៅទិញបារី។ ប៉ុន្តែក្រោយពីបានម៉ូតូហើយ ជនសង្ស័យបានជិះគេចបាត់ស្រមោល មិនយកមកប្រគល់ឱ្យម្ចាស់ដើមវិញឡើយ ទើបជនរងគ្រោះសម្រេចចិត្តធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
ក្រោយទទួលបញ្ជាភ្លាម លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក។ រហូតដល់វេលាម៉ោង១៣និង៤៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថបានកំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមមាន៖
១. ឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ (ជនសង្ស័យចម្បង)។
២. ឈ្មោះ ភ័ណ ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូរបស់ជនរងគ្រោះមកវិញ ហើយបាននាំខ្លួនជនសង្ស័យទាំងពីរទៅសួរនាំ ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀន ដោយលទ្ធផលបង្ហាញថា វិជ្ជមាន(+) (មានសារធាតុញៀនក្នុងខ្លួន)។
ចចម្លើយសារភាពនិងប្រវត្តិធ្លាប់ជាប់ពន្ធនាគារ លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយកុហកថាទៅទិញបារីពិតប្រាកដមែន ប៉ុន្តែធាតុពិតគឺមានចេតនាទុច្ចរិត យកម៉ូតូនោះទៅលក់ដើម្បីបានប្រាក់យកមកដើរស៊ីចាយ និងទិញគ្រឿងញៀនប្រើប្រាស់ជាមួយគ្នា។
អ្វីដែលគួរឱ្យកត់សម្គាល់ ជនសង្ស័យទាំងពីររូបនេះសុទ្ធតែមានប្រវត្តិមិនល្អ៖
ឈ្មោះ តាន់ ផែល ធ្លាប់ត្រូវបានបញ្ជូនទៅកែប្រែនៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ជុំវិញករណីប្រើប្រាស់គ្រឿងញៀន រយៈពេល ០៦ខែ។
ឈ្មោះ ភ័ណ ផាន់ណា ធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល ០១ឆ្នាំ ០៦ខែ ពីបទលួច (អាគុយ) និងប្រើប្រាស់គ្រឿងញៀន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង
ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានដឹងថា ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក វត្ថុតាងម៉ូតូ សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញជាទីរៀបរយហើយ៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រមាញ់ជាយដែន


