ខេត្តបន្ទាយមានជ័យ÷ក្រោមបទបញ្ជាផ្ទាល់ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថបានបង្ហាញពីការឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ក្រាបករណីទុច្ចរិតភ្លាមៗ ដើម្បីការពារសន្តិសុខ និងទំនុកចិត្តរបស់វិនិយោគិនក្នុងតំបន់។
ដំណើររឿង និងការឃាត់ខ្លួន លលឿលទាន់ចិត្ត ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុន «ប៉ាងណាគ្រី» ដែលមានទីតាំងស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ក្រុមកល្យាណមិត្តទុច្ចរិតមួយក្រុមមានគ្នា ៣នាក់ បានធ្វើសកម្មភាពសម្រុកចូលទៅក្នុងបរិវេណក្រុមហ៊ុនក្នុងបំណងលួចគាស់កកាយយកទ្រព្យសម្បត្តិ។
ទោះជាយ៉ាងណា ផែនការរបស់ពួកគេត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារភាពវៃឆ្លាត និងការប្រុងប្រយ័ត្នខ្ពស់របស់សន្តិសុខក្រុមហ៊ុន ដែលបានខិតខំយាមកាមយ៉ាងម៉ឺងម៉ាត់ រហូតព័ទ្ធចាប់បានជនសង្ស័យម្នាក់ទាន់ហន់ ខណៈបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
អត្តសញ្ញណជនសង្ស័យ÷ឈ្មោះ ធៀម វណ្ណី (ហៅ កន) អាយុ ៣៤ឆ្នាំ មានទីលំនៅស្រុកស្វាយចេក។
វត្ថុតាង ដកហួតបាន÷ដង្កាប់ ២ដើម, តួឡឺវីស ៣ដើម កន្ត្រៃ ១ដើម និងពិល ១គ្រឿង។
លទ្ធផលពិនិត្យសារធាតុញៀន
វិជ្ជមាន (+) (មានសារធាតុញៀនក្នុងខ្លួន)។សកម្មភាព រហ័សរហួន និងការកោតសរសើរ ចចំពោះសម្តកិច្ច
ភ្លាមៗក្រោយទទួលបានសេចក្តីរាយការណ៍
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗទាំងកណ្តាលយប់ ដើម្បីទទួល និងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។ ការឆ្លើយតបដ៏រហ័សនេះ បង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ឥតស្រាកស្រាន្តរបស់កងរាជអាវុធហត្ថ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារទ្រព្យសម្បត្តិឯកជន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពដោយគ្មានការប្រកែកថា ខ្លួននិងបក្ខពួកពិតជាបានលបចូលលួចសម្ភារៈក្នុងក្រុមហ៊ុនពិតប្រាកដមែន តែត្រូវសន្តិសុខព័ទ្ធចាប់បានមុនពេលបានសម្រេច។
ដោយមានកិច្ចសហការ និងការដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងយ៉ាងម៉ត់ចត់ និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យរួចរាល់ហើយ នៅរសៀលថ្ងៃទី១២ ខែកក្កដា នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ចំពោះមុខសញ្ញាដែលនៅសេសសល់ កម្លាំងអាវុធហត្ថមិនបណ្តែតបណ្តោយឡើយ ដោយបច្ចុប្បន្នកំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុត ដើម្បីតាមប្រមាញ់បក្ខពួកដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងមូលដ្ឋានទាំងមូល៕ សម្រួលអត្ថបទ÷ដោយលោក មុតចិត្រា ហៅ ប្រមាញ់ជាយដែន



