ខេត្តពោធិ៍សាត់÷ វិធានការក្តៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាន នាយផ្នែករដ្ឋបាលជលផលក្រគរ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ។
ប្រតិបត្តិការរួមគ្នានេះ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ, លោក កុល ចាន់ដារ៉ា នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដោយបានប្រើប្រាស់កម្លាំងសរុបចំនួន ១៦ នាក់ និងកាណូតចំនួន ៤ គ្រឿង ដើម្បីចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុក ចាប់ពីចំណុចមុខកំពង់លួង រហូតដល់មុខភូមិកំពង់ថ្គោល ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាលទ្ធផលនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ កម្លាំងចម្រុះសម្រេចបង្ក្រាបបានចំនួន ០1 ករណីធំ ដោយបានដកហូត និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ដែលជាប្រភេទបំផ្លិចបំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរ រួមមាន៖
របាំស្បៃមុង÷ចំនួន ១២ ខ្សែ ដែលមានប្រវែងសរុបរហូតដល់ ១.៣៥០ ម៉ែត្រ។
លូកងស្បៃមុង÷ចំនួន ១២ មាត់។
ក្រៅពីការដកហូតឧបករណ៍ល្មើសច្បាប់ទាំងនេះ កម្លាំងជំនាញក៏បានធ្វើការរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៦ គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ ដើម្បីឱ្យពួកវាមានឱកាសលូតលាស់ និងបន្តពូជ បង្កើនផលនេសាទទៅថ្ងៃអនាគត។
បច្ចុប្បន្ន វត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ត្រូវបានកម្លាំងជំនាញដោះស្រាយទៅតាមនីតិវិធី។ ជាមួយគ្នានោះដែរ អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីរួមគ្នាថែរក្សាការពារធនធានមច្ឆជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន


