ខេត្តបាត់ដំបង÷ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាតុភូតខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសាររងគ្រោះទាំងអស់។
ឯកឧត្តមប្រធានសាខាខេត្ត បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់ជានិច្ចរបស់ថ្នាក់ដឹកនាំ។ ទោះបីជាអំណោយសង្គ្រោះបន្ទាន់នាពេលនេះ មិនអាចបំពេញបានទាំងស្រុងទៅតាមតម្រូវការក្តី ប៉ុន្តែវាបានចូលរួមចំណែកជួយសម្រាលការខ្វះខាតចំពោះមុខបានមួយផ្នែក។ ឯកឧត្តមសង្កត់ធ្ងន់ថា អំណោយដែលបាននាំមកឧបត្ថម្ភនេះ គឺធ្វើឡើងចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ដោយគ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងត្រូវមើលថែទាំសុខភាពឱ្យបានល្អ ជាពិសេសកុមារតូចៗ។ ជាងនេះទៅទៀត ដោយសារបច្ចុប្បន្នជាដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ ដែលអាចបង្កើតជាជម្រកមូសខ្លា ឯកឧត្តមបានរំលឹកឱ្យពលរដ្ឋរួមគ្នាការពារ និងប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមផងដែរ។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាពេលមានគ្រោះធម្មជាតិកើតឡើង។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ នាំយកអំណោយមកផ្តល់ជូនដល់ដៃពួកគាត់ទាន់ពេលវេលា។ ជំនួយមនុស្សធម៌នេះ ពិតជាមានតម្លៃមហាសាលក្នុងការជួយសម្រាលទុក្ខលំបាកក្នុងជីវភាព និងផ្តល់កម្លាំងចិត្តដល់ពួកគាត់ក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ បងប្អូនប្រជាពលរដ្ឋ ក៏បានលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សុខ លូ និងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕ សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន



