ខេត្តតាកែវ÷ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះដោះស្រាយ និងបំភ្លឺជុំវិញការយល់ច្រឡំមួយលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយបង្ហាញពីភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកបម្រើរាស្ត្រ។
ជាការឆ្លើយតបទៅនឹងមតិលើកឡើង (Comment) នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីសំណាក់ម្ចាស់គណនីឈ្មោះ ខេត សុក្រាន
(Khet Sokran) ដែលត្រូវជាពលករកំពុងបម្រើការងារនៅប្រទេសជប៉ុន ជុំវិញការរអ៊ូរទាំថាសមត្ថកិច្ចបង្កកទុកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមិនព្រមប្រគល់ជូន។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ រដ្ឋា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម សហការជាមួយលោកអធិការរងស្រុកត្រាំកក់ បានអញ្ជើញស្ត្រីជាប្រពន្ធរបស់លោក ខេត សុក្រាន មកធ្វើការជួបជុំ ពិភាក្សា និងដោះស្រាយផ្ទាល់។ កការបំភ្លឺការពិតជុំវិញនីតិវិធីបច្ចេកទេស ឆ្លងតាមការស្រាវជ្រាវ និងប្រមូលព័ត៌មានយ៉ាងលម្អិត សមត្ថកិច្ចបានបង្ហាញថា ករណីនេះមិនមែនជាកំហុស ឬការយឺតយ៉ាវបង្កកទុកដោយចេតនារបស់មន្ត្រីជំនាញនោះឡើយ។ តាមពិតទៅ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានបែបបទ និងនីតិវិធីបច្ចេកទេសជាច្រើនដំណាក់កាលដែលត្រូវអនុវត្តន៍។ នៅពេលដែលអត្តសញ្ញាណប័ណ្ណនោះត្រូវបានបោះពុម្ពរួចរាល់ និងបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត រួចបន្តមកដល់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ មន្ត្រីជំនាញបានព្យាយាមទំនាក់ទំនងទៅសាមីខ្លួន (លោក ខេត សុក្រាន) ដើម្បីឲ្យមកទទួលយក។ អំឡុងពេលនោះ ដោយសារមានការយល់ច្រឡំលើនីតិវិធី ម្ចាស់សាមីខ្លួនបានឆ្លើយតបបដិសេធមិនព្រមទទួលយកវិញ និងបានប្រតិកម្មមកលើកម្លាំងជំនាញថែមទៀតផង។ កការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់សមត្ថកិច្ច
ទោះបីជាមានការយល់ច្រឡំ និងការឆ្លើយតបមិនសមរម្យខ្លះពីសាមីខ្លួនយ៉ាងណាក្តី ក៏លោកស្នងការរង និងមន្ត្រីជំនាញស្រុកត្រាំកក់ មិនបានរារែក ឬបោះបង់ចោលការទទួលខុសត្រូវឡើយ។ ផ្ទុយទៅវិញ លោកបានបង្ហាញនូវភាពអត់ធ្មត់ វិជ្ជាជីវៈខ្ពស់ និងការគិតគូរពីផលប្រយោជន៍ពលរដ្ឋជាធំ ដោយបានសម្របសម្រួល ផ្សះផ្សា និងពន្យល់ណែនាំអំពីនីតិវិធីច្បាប់យ៉ាងក្បោះក្បាយ រហូតឈានដល់ការប្រគល់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ ជូនទៅភាគីខាងភរិយាដើម្បីរក្សាទុកជូនស្វាមីជាស្ថាពរ។
សកម្មភាពដ៏រហ័សរហួន និងការដោះស្រាយប្រកបដោយព្រហ្មវិហារធម៌របស់លោកវរសេនីយ៍ឯក សុខ រដ្ឋា ក៏ដូចជាកម្លាំងនគរបាលស្រុកត្រាំកក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារពលរដ្ឋ និងមហាជនទូទៅ ដែលនេះស្តែងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងតម្លាភាពបំផុត៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន


