តើអាជ្ញាធរពិតជាមិនដឹង ឬធ្វើមិនដឹង ពលរដ្ឋឃុំតាម៉ឺន ស្រែករករដ្ឋបាលខេត្តបាត់ដំបង ជួយសង្គ្រោះព្រៃលិចទឹកតំបន់២ និង តំបន់ ៣ ដែលកំពុងរងការឈូសឆាយយ៉ាងអាណាធិបតេយ្យ

​ខេត្តបាត់ដំបង÷ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនៃតំបន់ជុំវិញបឹងទន្លេសាប កំពុងតែដកដង្ហើមញកញ័រ និងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្រោយពីប្រជាពលរដ្ឋនៅក្នុងឃុំតាមឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានទម្លាយព័ត៌មានមកថា មានក្រុមឈ្មួញមានអំណាច និងទឹកប្រាក់ កំពុងបញ្ជាគ្រឿងចក្រខ្នាតធំ ចូលកាប់បំផ្លាញ វាយកម្ទេចព្រៃលិចទឹក និងឈូសឆាយទន្ទ្រានយកដីរដ្ឋនៅក្នុងតំបន់ ២ និងតំបន់ ៣ ធ្វើជាកម្មសិទ្ធិឯកជនយ៉ាងក្រអើតក្រទម និងចំហបំផុត។
​យោងតាមប្រភពច្បាស់ការណ៍ និងការលើកឡើងប្រកបដោយក្តីបារម្ភពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពយាយីលើដីព្រៃលិចទឹកដ៏មានតម្លៃ ដែលជាជម្រកមច្ឆជាតិពងកូននេះ មិនមែនទើបតែនោះទេ ពោលគឺត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពជាបន្តបន្ទាប់។ ការយកគ្រឿងចក្រមកវាយព្រៃ និងរៀបចំដីធ្លីដើម្បីកាន់កាប់ជាសម្បត្តិបុគ្គលបែបនេះ មិនត្រឹមតែជាទង្វើខុសច្បាប់ទាំងបំពានប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈរបស់ប្រជាជាតិទាំងមូលយ៉ាងធ្ងន់ធ្ងរ។
​សកម្មភាពឈូសឆាយយ៉ាងគគ្លើននេះ បានបង្កើតជាសញ្ញាសួរ និងមន្ទិលសង្ស័យយ៉ាងធំធេងនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅថា៖
” តើអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលមានភ្នែកជាម្ចាស់ ពិតជាមិនបានដឹងពីសកម្មភាពបំភ្លេចបំផ្លាញនេះមែនឬ
ឬមួយក៏ដឹងហើយ​ តែសម្ងំធ្វើមិនដឹង បើកដៃឲ្យក្រុមឈ្មួញ ធ្វើព្យុះភ្លៀងតាមចិត្តដើម្បី លាភសក្ការៈផ្ទាល់ខ្លួន?”
​មហាជន ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្តែងការហួសចិត្តជាខ្លាំង ព្រោះខណៈពេលដែលរាជរដ្ឋាភិបាលថ្នាក់ជាតិ កំពុងតែរឹតបន្តឹង និងមានវិធានការក្តៅក្នុងការការពារដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប៉ុន្តែនៅថ្នាក់មូលដ្ឋាននៃឃុំតាមឺន ស្រុកថ្មគោល បែរជាមានការបណ្តោយឱ្យគ្រឿងចក្រដំណើរការកាយទន្ទ្រានយ៉ាងរំភើយទៅវិញ។
​ជុំវិញករណីអនាធិបតេយ្យខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ មេត្តាដាក់បទបញ្ជាឱ្យមានការចុះស៊ើបអង្កេត ស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែងជាបន្ទាន់។ ប្រសិនបើរករកឃើញថា មានការទន្ទ្រាន ឬកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពិតប្រាកដមែន ជនល្មើស និងអ្នកនៅពីក្រោយខ្នង ត្រូវតែប្រឈមមុខចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការយោគយល់ ដើម្បីរក្សាបាននូវភាពស្អាតស្អំរបស់អាជ្ញាធរ និងការពារសម្បត្តិធម្មជាតិរបស់រដ្ឋ។
​សូមបញ្ជាក់ថា អង្គភាពគេហទំព័រ ” ប្រមាញ់ជាយដែន TV “ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងគោលបំណងសុទ្ធចិត្ត ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម រិះគន់ក្នុងន័យស្ថាបនា និងដើម្បីជម្រាបជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានជ្រាបជាព័ត៌មានពីសុខទុក្ខ និងព្រឹត្តិការណ៍នានានៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ សូមអរគុណ!