ខេត្តបាត់ដំបង÷ នៅក្នុងយុទ្ធនាការលើកកម្ពស់សក្តានុពលទេសចរណ៍កសិកម្ម និងការផ្សព្វផ្សាយផលិតផលក្នុងស្រុក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះបំពេញទស្សនកិច្ចដោយផ្ទាល់នៅតាមចម្ការផ្លែឈើ ក្នុងភូមិសាស្ត្រស្រុកសំឡូត។
ក្នុងឱកាសដកពិសោធន៍ជាក់ស្តែងនោះ ថ្នាក់ដឹកនាំទាំងពីរស្ថាប័នបានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកសិករជាម្ចាស់ចម្ការ ព្រមទាំងបានស្វែងយល់ពីស្ថានភាពទូទៅនៃការដាំដុះ ជាពិសេស «ដំណាំទុរេន» ដែលជាស្តេចផ្លែឈើមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាផលិតផលដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់បំផុតប្រចាំតំបន់ស្រុកសំឡូត។
ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍បែបកសិកម្ម ក្នុងខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រែក្លាយតំបន់កសិកម្មឈានមុខមួយនេះ ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ បង្កើតចំណូលបន្ថែមជូនប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងបេះភ្លក្សផ្លែឈើស្រស់ៗដល់ចម្ការ។
សកម្មភាពនេះមិនត្រឹមតែជួយជំរុញទីផ្សារកសិផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាពសម្រាប់ខេត្តបាត់ដំបងទាំងមូលផងដែរ៕ សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ញ់ជាយដែន




