ខេត្តព្រះសីហនុ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណាត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការ។
នៅវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ (ស្រី ០១នាក់) រួមនឹងវត្ថុតាងជាច្រើនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី ” លួចមានស្ថានទម្ងន់ទោស សមគំនិតនិងទទួលផលចោរកម្ម”។ អត្តសញ្ញាណជនសង្ស័យទាំង០៣នាក់រួមមាន÷
១. ឈ្មោះ Li Wen Long អាយុ ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន
២. ឈ្មោះ ឌឹម ស្រីពៅ អាយុ ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ
៣.ឈ្មោះ សីហា ស៊ីយ៉ានុត
អាយុ ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
កុំព្យូទ័រ Laptop ម៉ាក Asus ចំនួន ០១គ្រឿង
ទូរសព្ទដៃម៉ាក iPhone 17 Pro Max (ពណ៌ទឹកក្រូច) ចំនួន ០១គ្រឿង
ទូរសព្ទដៃម៉ាក Oppo ចំនួន ០២គ្រឿង
ទូរសព្ទដៃម៉ាក iPhone SE ចំនួន ០១គ្រឿង
កន្ត្រៃកាត់ដែក ចំនួន ០១
ធុងទឹកកក ពណ៌ក្រហម ចំនួន ០១ និងអាវយឺត ចំនួន ០១។
ដោយឡែកចំពោះសម្ភារមានតម្លៃ រួមមានឡេហៈធាតុពណ៌លឿង (មាស) ទម្ងន់ ៨ដំឡឹង ៥ ជី ដែលដកហូតបានពីក្រុមចោរ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ធ្វើការប្រគល់ជូនទៅជនរងគ្រោះវិញរួចរាល់ហើយដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងស្ថិតក្នុងដំណាក់កាលចាត់ការតាមនីតិវិធីរបស់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

