អស់លក្ខណ៍! ក្រុមចោរប្លន់ម៉ូតូកាន់កាំបិតដេញធាក់យ៉ាងសាហាវ ៤នាក់ ត្រូវអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង÷ ក្រុមជនសង្ស័យដែលជាមុខសញ្ញាយ៉ាងសកម្ម ក្នុងការធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់កាំបិត និងធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន ០៤នាក់ ត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
​ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មនេះ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយ៉ាងព្រហើន កាលពីវេលាម៉ោងប្រហែល ០០:៣០ នាទីរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងហេតុការណ៍នោះ ក្រុមចោរបានជិះម៉ូតូដេញតាម ភ័យខ្លាចដល់ជនរងគ្រោះដែលកំពុងធ្វើដំណើរម្នាក់ឯង រួចដកកាំបិតដេញកាប់ និងធាក់ដួលប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព នៅចំណុចភូមិសាស្ត្រ ស្រុកថ្មគោល ខេត្តបាត់ដំបង។
​ក្រោយទទួលបានបណ្តឹង និងការណែនាំពីថ្នាក់លើ កម្លាំងការិយាល័យជំនាញបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ រួមមាន៖
១. ឈ្មោះ កែវ ណារ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
២. ឈ្មោះ គុន កុម្ភៈ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៣. ឈ្មោះ ខ្លុយ រម្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
៤. ឈ្មោះសុឹម ស៊ីង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
​នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
​ម៉ូតូ ចំនួន ០១គ្រឿង
​ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង
​កញ្ចក់ម៉ូតូ ចំនួន ១១ (សង្ស័យជារបស់ដែលបានមកពីសកម្មភាពប្លន់ និងដោះបំបែកកង់)
​កាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) ចំនួន ០១ដើម។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចោទប្រកាន់ និងបញ្ជូនទៅដល់ដៃតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីវិនិច្ឆ័យទោសទៅតាមច្បាប់ ដោយមិនលើកលែងឡើយ៕
សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន