អភិបាលស្រុកកោះអណ្ដែត ចុះសួរសុខទុក្ខនិងឧបត្ថម្ភលើកទឹកចិត្ត ដល់ វីរៈកងទ័ពជួរមុខ ៣ រូបដែលសុំច្បាប់ សម្រាកមកលេងស្រុកកំណើត

​ខេត្តតាកែវ÷ ក្នុងស្មារតីយកចិត្តទុកដាក់ និងនឹកគុណរលឹកដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី និងមន្ត្រីរាជការសាលាស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជាមួយវីរកងទ័ពជួរមុខចំនួន ៣រូប ដែលបានសុំច្បាប់សម្រាកមកលេងក្រុមគ្រួសារនៅស្រុកកំណើត។
​វីរកងទ័ពជួរមុខទាំង ៣រូប ដែលមានស្រុកកំណើតនៅឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ រួមមាន៖
១. លោក តា សុផាន (ឈរជើងប្រចាំការនៅទិសថ្មដា ខេត្តពោធិ៍សាត់)
២. លោក មុត សុមីនា (ឈរជើងប្រចាំការនៅទិសថ្មដា ខេត្តពោធិ៍សាត់)
៣. លោក ខន ពិសិដ្ឋ (ឈរជើងប្រចាំការនៅទិសជាំក្សាន្ត ខេត្តព្រះវិហារ)
​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ភួន ឈីម អភិបាលស្រុក បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះស្មារតីលះបង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនៅផ្ទៃប្រទេស។
​ដើម្បីជាការលើកទឹកចិត្ត និងឆ្លើយតបចំពោះគុណបំណាច់ដ៏ថ្លៃថ្លានេះ លោកអភិបាលស្រុក ក៏បានពាំនាំនូវសម្ភារៈប្រើប្រាស់ និងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់វីរកងទ័ពទាំង ៣រូប សម្រាប់ដោះស្រាយក្នុងជីវភាពគ្រួសារ ព្រមទាំងបានជូនពរដល់បងប្អូនកងទ័ពឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិបន្តទៀត៕ សម្រួលអត្ថបទ÷ដោយលោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន