អនុវត្តបញ្ជាក្តៅ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ វាយឆ្មក់បង្ក្រាបក្រុមសង្ស័យជនជាតិចិន ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងដកហូតគ្រឿងញៀន និងឧបករណ៍កែច្នៃមួយកំប្លេ

​ខេត្តបន្ទាយមានជ័យ÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការវាយឆ្មក់យ៉ាងក្តៅគគុកមួយ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុស-ស្រី ចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បាននាំកម្លាំងការិយាល័យជំនាញ ចុះឡោមព័ទ្ធ និងបង្ក្រាបនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
​តាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិន ដេត ជនសង្ស័យទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន៖
​១. ឈ្មោះ ហិន ឌ្រី វីចាយ៉ា អាសិន (Hendry Wijaya Asen) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ វត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០២កូនថង់, ក្បាលPod K ចំនួន ៣០កញ្ចប់ និងទូរស័ព្ទដៃ ០១គ្រឿង។
​២. ឈ្មោះ ហាន ដុងសិន (Han DongSheng) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន។ វត្ថុតាងដកហូតរួមមាន៖ ក្បាលPod K ចំនួន ២៣កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងរថយន្ត ០១គ្រឿង។
​៣. ឈ្មោះ ម៉ាន់ យីគុយ (Man Yigui) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន។
​៤. ឈ្មោះ អា ភីនយ៉ា ភូទីបា (Apinya Potiba) ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិថៃ (ស្នាក់នៅក្នុងផ្ទះជាមួយគ្នា)។
​ក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចបានបន្តរុករក និងត្រួតពិនិត្យនៅក្នុងបន្ទប់ទី២ បន្ថែមទៀត ដោយបានរកឃើញវត្ថុតាងបំរើឱ្យការសេព និងចែកចាយ រួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១, ម៉ាស៊ីនបារីអេឡិចត្រូនិច្ច ចំនួន ០៧គ្រឿង ព្រមទាំងសម្បកថង់សម្រាប់ច្រកមួយចំនួនធំ។
​ភ្លាមៗនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនីតិវិធី។ ជាលទ្ធផលនៃការធ្វើតេស្តស្វែងរកសារធាតុញៀន បង្ហាញថា ជនសង្ស័យភេទប្រុសទាំង ៣នាក់ មានលទ្ធផល វិជ្ជមាន (+) ចំណែកឯស្ត្រីជនជាតិថៃឈ្មោះ អា ភីនយ៉ា ភូទីបា មានលទ្ធផល អវិជ្ជមាន (-)។
​ប្រតិបត្តិការដ៏ឆ្នើមនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងភាពវៃឆ្លាតរបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដែលជាសត្រូវលាក់មុខបំផ្លាញសង្គម។ ការបង្ក្រាបឆ្លងដែនដែលមានការចូលរួមពីជនបរទេសច្រើនជាតិសាសន៍បែបនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពទប់ស្កាត់ បទល្មើសទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន