ខេត្តបន្ទាយមានជ័យ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការណែនាំតម្រង់ទិសពីលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់គួរឱ្យកោតសរសើរ។
កិច្ចប្រតិបត្តិការដ៏សស្រាក់សស្រាំនេះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាល ដោយបានកំណត់មុខសញ្ញា ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ជាបន្តបន្ទាប់ក្នុងករណីផ្សេងៗគ្នា ចំនួន ០៣ករណី ពាក់ព័ន្ធនឹងការរក្សាទុក ប្រើប្រាស់គ្រឿងញៀន និងការកាន់កាប់អាវុធមុតស្រួច (កាំបិត) ដោយខុសច្បាប់។ ករណីទី១ ជិះម៉ូតូដេញកាប់គ្នាផ្អើលភូមិបុកចូលផ្ទះប្រជាពលរដ្ឋព្រោះតែឥទ្ធិពលគ្រឿងញៀន។
ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៥:២០នាទីល្ងាច។ នៅជិតការ៉ាសសាំង ជា ភារម្យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរស ២នាក់ ជិះម៉ូតូដេញគ្នាយ៉ាងលឿន រហូតហ្វ្រាំងមិនទាន់បុកចូលផ្ទះអ្នកស្រុក កម្លាំងប៉ុស្តិ៍បានចុះទៅអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យ ២នាក់ រួមមាន៖ ឈ្មោះ អ៊ុត ដានី (ប្រុស អាយុ ៣០ឆ្នាំ) និងឈ្មោះ ឡាយ នន់(ប្រុស អាយុ ៤៣ឆ្នាំ)។ ជនសង្ស័យទាំងពីរបានសារភាពថា ពួកខ្លួនទើបតែប្រើប្រាស់ថ្នាំញៀនរួច ទើបបើកបរក្នុងល្បឿនលឿនគ្រប់គ្រងស្មារតីមិនបាន។ លទ្ធផលធ្វើតេស្តទឹកនោម បង្ហាញថា វិជ្ជមាន(+)ទាំងពីរនាក់។ ករណីទី២÷កម្លាំងល្បាតយប់ទប់ស្កាត់ទាន់ពេលវេលាឃាត់ខ្លួនក្មេងទំនើងកាន់កាំបិតចែត ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០១:១៥នាទីរំលងអធ្រាត្រ។
ចំណុចសួនបុរី ទៀ ឆាយហាក់ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងការដេកមិនលក់បម្រើការងារជូនពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញមនុស្ស ២នាក់ គួរឱ្យសង្ស័យ។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញកាំបិតកាចែតចំនួន ១។ ជនសង្ស័យទាំង ២នាក់ រួមមាន៖ ឈ្មោះ ហឿង គឹមលាង និងឈ្មោះ រិទ្ធ ដារ៉ារ័ត្ន (ប្រុស អាយុ ១៤ឆ្នាំ)។ ក្រោយការសួរនាំ និងធ្វើតេស្តរកសារធាតុញៀន លទ្ធផលបង្ហាញថា វិជ្ជមាន(+) ទាំងពីរនាក់។ករណីទី៣÷ក្រឡេកឃើញសមត្ថកិច្ចរត់ចូលព្រៃតែរត់មិនរួចពីសំណាញ់ច្បាប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីយប់។
ចំណុចចំការស្វាយ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ អង្គហេតុ÷ ក្នុងពេលកំពុងល្បាតការពារសន្តិសុខ កម្លាំងប៉ុស្តិ៍បានឃើញមុខសញ្ញា ២នាក់ គួរឱ្យសង្ស័យ ដោយម្នាក់បានរត់គេចខ្លួនចូលព្រៃបាត់ ស្ដែងឱ្យឃើញពីការភ័យខ្លាច។ ចំណែកម្នាក់ទៀតត្រូវបានឃាត់ខ្លួនទាន់ពេលវេលា មានឈ្មោះ វ៉ែនសុធាវី (ប្រុស អាយុ ៤៧ឆ្នាំ)។ ជនសង្ស័យបានសារភាពថា ខ្លួនបានសេពគ្រឿងញៀនជាយូរមកហើយ ហើយលទ្ធផលធ្វើតេស្តទឹកនោមគឺ វិជ្ជមាន(+)។
ប្រតិបត្តិការបង្ក្រាបទាំង ៣ករណីខាងលើនេះ បានបង្ហាញឱ្យឃើញពី ពីការយកចិត្តទុកដាក់ខ្ពស់ភាពវ័យឆ្លាតនិងការលះបង់
របស់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គួរជាទីទីពឹងពាក់ និងកោតសរសើរក្រៃលែង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រាយការណ៍ដោយ លោក សឿន វ៉ាន់ម៉ាន់លី

