ខេត្តបន្ទាយមានជ័យ÷ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខុមាលភាពសង្គម រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការរួមគ្នាយ៉ាងសកម្មមួយ ក្នុងការចុះសម្អាតអនាម័យបរិស្ថាន ព្រមទាំងផ្សព្វផ្សាយដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សកម្មភាពដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
យុទ្ធនាការនេះសរុបកម្លាំងមហាជនយ៉ាងច្រើនកុះករប្រមាណជាង ៣០០នាក់ ដែលរួមមាន៖ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ត្រីជំនាញបរិស្ថាន, យុវជនគណបក្ស, អាជ្ញាធរភូមិ-សង្កាត់-ក្រុង, ប្រជាការពារ, លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ ក្រុមការងារបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ចុះបោសសម្អាត និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចស្តុបផ្សារកណ្តាល រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុលបានសង្កត់ធ្ងន់ថា សកម្មភាពសម្អាត និងផ្សព្វផ្សាយជាប្រចាំនេះ មិនមែនធ្វើឡើងត្រឹមតែមួយគ្រានោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យសង្គម។ អ្វីដែលជាគោលបំណងធំបំផុតនោះគឺ “ការដាស់តឿននិងផ្លាស់ប្ដូរឥរិយាបថ” របស់សាធារណជន ឱ្យងាកមកយកចិត្តទុកដាក់លើការរស់នៅស្អាត តាមរយៈការទុកដាក់ និងបោះចោលសំរាមទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
លោកអភិបាលក្រុង បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការលុបបំបាត់ភាពកខ្វក់ឱ្យខាងតែបាន នៅតាមទីប្រជុំជន សួនច្បារ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងទីផ្សារនានា ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែត ឱ្យទៅជាទីក្រុងដែលមានសោភ័ណភាពស្រស់បំព្រង និងផ្តល់នូវផាសុកភាពខ្ពស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះ ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាសទាំងអស់ ឱ្យចូលរួមធ្វើជាម្ចាស់ការលើការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ដោយត្រូវមានធុងសំរាមត្រឹមត្រូវ និងចូលរួមថែរក្សាអនាម័យនៅមុខទីតាំងរបស់ខ្លួន។
សកម្មភាពរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល នាពេលនេះ គឺស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ និងជាគំរូដ៏ល្អស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន។ នេះជាចលនាដាស់ស្មារតីដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា «ទីក្រុងស្អាត បរិស្ថានបៃតង និងមានផាសុកភាព គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា»។
រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា ក្រោយយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងមូល នឹងបង្កើនការចូលរួមកាន់តែសកម្ម ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ទីក្រុងព្រំដែនមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ ទាំងផ្នែកសោភ័ណភាព និងអនាម័យ៕ រាយការណ៍ ដោយ លោកសឿន វ៉ាន់ ម៉ាន់លី


