ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ជំរុញការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់លើពលករត្រឡប់ពីថៃ

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។
ររបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ​នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ នេះ អង្គប្រជុំបានពិភាក្សា និងឆ្លងកាត់របៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖ការផ្លាស់ប្ដូរសមាជិក អានប្រកាសលេខ ២៧៣៣ ប្រក. ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន។
អនុម័តកំណត់ហេតុចាស់ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥។
របាយការណ៍ឆមាសប្រចាំខែពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។
របាយការណ៍ឆមាស​ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
ការបែងចែកភារកិច្ច÷ ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តប៉ៃលិន។ បញ្ហាផ្សេងៗការណែនាំស្ដីអំពីការដោះស្រាយបញ្ហាពលរដ្ឋនិងពលករចំណាកស្រុក
​មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ មិនត្រូវទុកចោលនូវរាល់បញ្ហាប្រឈមនានារបស់ពលរដ្ឋកាលពីពេលកន្លងមកនោះទេ គឺត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិតបាន ស្រី មុំ គូសញ្ជាក់ថា
«ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារធ្វើជូនពួកគាត់ឱ្យបានសមរម្យ»។
​ទន្ទឹមនឹងនេះ លោកជំទាវអភិបាលខេត្ត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលបានសហការគ្នាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសបច្ចេកវិជ្ជា (Online Scams) និងការផ្តល់សេវាសាធារណៈបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍ខេត្តនិងទិសដៅបន្ត។
​មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងមានប្រសិទ្ធភាព ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមានការស្ងើចសរសើរយ៉ាងខ្លាំង។ ឯកឧត្តមក៏បានកោតសរសើរចំពោះការសម្របសម្រួលជួយពលករតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងការស្វែងរកឱកាសការងារពីបណ្តាក្រុមហ៊ុននានាផងដែរ។
​ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹង “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ៕ រាយការណ៍ដោយ លោក ស សារឿន