ខេត្តប៉ៃលិន÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំយ៉ាងក្តៅគគុកមួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញនូវផែនការអនុវត្តបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីភូមិសាស្រ្តខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ការងារអាទិភាពខ្ពស់បំផុតស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព និងជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ លោកស្រីបានដាស់តឿនឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព ស្របតាមបទបញ្ជាដាច់ណាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីវិធានការសំខាន់ៗ រួមមាន៖ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា គឺដើម្បីរឹតបន្តឹងរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។
គ្រប់គ្រងទីតាំងប្រមូលផ្ដុំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ទីតាំងកាស៊ីណូ និងការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស។
ទប់ស្កាត់ការលួចចូលខុសច្បាប់៖ ស្វែងរក និងទប់ស្កាត់ជនបរទេសដែលលួចចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្ការបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។កោតសរសើរលើការផ្ដល់សេវាសាធារណៈនិងភូមិឃុំមានសុវត្ថិភាព
ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។
ជាពិសេស គឺការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ យុត្តិធម៌ និងតម្លាភាព ព្រមទាំងការដោះស្រាយរាល់ទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលា ស្របទៅនឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕រាយការណ៍ ដោយ លោក ស សារឿន


