ពិធីប្រកាសបិទផ្សាយជាសាធារណៈនៅឯកសារវិនិច្ឆ័យក្បាលដី ក្នុង ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ

​ខេត្តបាត់ដំបង÷នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានរៀបចំប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅបរិវេណវត្តជម្ពូវ័នអង្គអែម (ហៅវត្តផ្លូវ៥) ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
​ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអមដំណើរពីសំណាក់លោកអភិបាលស្រុកភ្នំព្រឹក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
​ការប្រកាសបិទផ្សាយនាពេលនេះ គឺធ្វើឡើងសម្រាប់ភូមិចំនួន ៤ នៅក្នុងឃុំពេជ្រចិន្តា រួមមាន៖
​ភូមិអូរតាសុខ
​ភូមិអូរតាប៉ុន
​ភូមិស្នួល
​ភូមិសាមគ្គី
​ ការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីនេះ គឺជានីតិវិធីស្របច្បាប់ដ៏សំខាន់ និងជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវទាំងឈ្មោះ ស្ថានភាពគ្រួសារ និងទំហំដី មុននឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើការវិនិច្ឆ័យចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជាស្ថាពរ។
​សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង ក្នុងការជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានសុវត្ថិភាពគតិយុត្តិ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕ រាយការណ៍ ដោយ លោកសឿន វ៉ាន់ម៉ាន់លី ភ្នាក់ងារ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន