កងរាជអាវុធហត្ថស្រុកសំពៅលូន វាយឆ្មក់បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោសនិងមុខសញ្ញាគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៦នាក់ដកហូតវត្ថុតាងបានមួយចំនួន

​ខេត្តបាត់ដំបង÷ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយជោគជ័យ។
​ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ ដែលរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
​ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលក្នុងនោះត្រូវបានបែងចែកជា ២ ករណីរួមមាន៖ ករណីទី១.បទលួចមានស្ថានទម្ងន់ទោសចំនួន០២នាក់
​១. ឈ្មោះ សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។
២. ឈ្មោះ លីន ស្រីនិត ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ករណីទី២ បបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០៤នាក់
​៣. ឈ្មោះ ឈិន ស៊ីណា ភេទប្រុស អាយុ ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
៤. ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ) រស់នៅភូមិអូស្ងាត់ ឃុំតាស្តា ស្រុកសំពៅលូន។
៥. ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ) រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
៦. ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ) រស់នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
​ក្នុងកិច្ចបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានសម្ភារៈ និងវត្ថុតាងមួយចំនួនរួមមាន៖
​កាំបិតកញ្ចែត ចំនួន ០១
​កន្ត្រៃ ចំនួន ០១
​ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
​ទូរស័ព្ទដៃ ចំនួន ០៨គ្រឿង
​ថវិកាជាតិ (លុយខ្មែរ) ចំនួន ៦,០៥០,០០០រៀល (ប្រាំមួយលានហាសិបពាន់រៀល)​ចំណាត់ការបន្ត÷នាពេលបច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន បញ្ជូនទៅកាន់ការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕
សម្រួលអត្ថបទ÷ដោយលោកមុតចិត្រាហៅប្រម៉ាញ់ជាយដែន