នេសាទត្រីមិនបាន បែរជាឆ្លៀតឱកាសលួច «គ្រឿងញៀន» ៣គីឡូ! ទីបំផុតត្រូវអាវុធហត្ថខេត្តស្ទឹងត្រែង ក្ក្រសោបបានទាំងមនុស្សនិងវត្ថុតាង

ខេត្តស្ទឹងត្រែង÷ យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅលើដងទន្លេមេគង្គ បានឈានទៅដល់ការលាតត្រដាងរឿងរ៉ាវដ៏មិនគួរឱ្យជឿមួយ ខណៈដែលជនសង្ស័យម្នាក់មានមុខរបរជាអ្នកនេសាទ បានឆ្លៀតឱកាសដ៏ខ្វះការពិចារណា លួចយកគ្រឿងញៀនប្រមាណ ៣ គីឡូក្រាម ពីទូករបស់ក្រុមជនល្មើសដែលបន្សល់ទុកចោល ប៉ុន្តែទោះជាមានល្បិចកលលាក់បំពួនយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីកែវភ្នែកដ៏មុតស្រួច និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់សមត្ថកិច្ចបានឡើយ។
​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ នៅចំណុចកន្ទុយខ្សាច់កោះហឹប ដែលនៅក្នុងសកម្មភាពនោះ ទូករបស់ក្រុមជនល្មើសបានបុកជាមួយទូករបស់អ្នកនេសាទ រួចក្រុមជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។ នៅក្នុងឱកាសច្របូកច្របល់នោះ មានបុរសជាអ្នកនេសាទម្នាក់ឈ្មោះ ឡេង ណាត អាយុ ៤២ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បានលួចដកហូតយកគ្រឿងញៀនចំនួន ០៣ កញ្ចប់ធំ (ទម្ងន់ប្រហែល ៣ គីឡូក្រាម) ពីក្នុងទូកដែលជនល្មើសបន្សល់ទុក យកទៅលាក់ទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បំណងស្វែងរកលាភសក្ការៈខុសច្បាប់។
​ទោះជាយ៉ាងណា ក្រោមបទបញ្ជាដឹកនាំផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ បូករួមនឹងវិជ្ជាជីវៈដ៏ប៉ិនប្រសប់របស់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក និងម៉ឺងម៉ាត់បំផុតរហូតកំណត់អត្តសញ្ញាណបាន។ ជាលទ្ធផល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង ណាត រួមទាំងដកហូតបានស្រឡះនូវវត្ថុតាងគ្រឿងញៀនទាំង ៣ គីឡូក្រាមនោះត្រឡប់មកវិញ។ ថ្វីដៃនិងការផ្ដាច់ញាចិត្តខ្ពស់របស់សមត្ថកិច្ច÷
មហាជនបានសម្ដែងការកោតសរសើរយ៉ាងខ្លាំង ចំពោះល្បឿននៃការវែកមុខសញ្ញា និងភាពវៃឆ្លាតរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមិនបណ្តោយឱ្យថ្នាំញៀនសូម្បីតែមួយក្រាមធ្លាក់ទៅលើទីផ្សារងងឹត។ តាមរយៈការបង្ក្រាបបន្ថែមនេះ បានធ្វើឱ្យចំនួនវត្ថុតាងថ្នាំញៀនសរុបនៅក្នុងសំណុំរឿងធំនេះ កើនឡើងពីជិត ៣៨ គីឡូក្រាម រហូតដល់ ៤០គីឡូក្រាមពេញ ដែលជាជោគជ័យដ៏ធំធេងមួយក្នុងការកាត់ផ្តាច់ឫសគល់នៃគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត។
​បច្ចុប្បន្ន ជនសង្ស័យល្មោភកោនរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ចដ៏មានសមត្ថភាពរបស់យើង ក៏កំពុងតែបន្តបើកការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីតាមប្រមាញ់មេខ្លោងធំ និងបក្សពួកដែលនៅសេសសល់ យកមកផ្តន្ទាទោសឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ៕
សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន