ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងទិសដៅក្តៅក្នុងការលុបបំបាត់បទល្មើសមជ្ឈិមនិងឧក្រិដ្ឋ ក្នុងភូមិសាស្ត្រខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្ហាញស្នាដៃដ៏ត្រចះត្រចង់ថ្មីមួយទៀត ក្នុងការស្រាវជ្រាវវែកមុខ បំបែកសំណុំរឿងឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ ឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធករណីបាញ់សម្លាប់ប្លន់យកទ្រព្យសម្បត្តិដោយប្រើអាវុធវែង (AK-47) និងដើរលួចកាច់កម៉ូតូយ៉ាងសកម្ម។
ប្រតិបត្តិការលុបបំបាត់ក្រុមជនសង្គមងងឹតនេះ បានធ្វើឡើងដោយមានកិច្ចសហការគ្នាយ៉ាងស្អិតរមួត និងមានប្រសិទ្ធភាពខ្ពស់រវាងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ តាមរយៈការប្រើប្រាស់វិធានការជំនាញយ៉ាងម៉ត់ចត់ យុទ្ធសាស្ត្រវាយឆ្មក់ឥតស្រមោល និងការលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ សមត្ថកិច្ចបានឈានទៅកំណត់អត្តសញ្ញាណ និងក្រសោបចាប់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ក្រុមឧក្រិដ្ឋជនដុះស្លែទាំងនេះ គឺជាមុខសញ្ញាគ្រោះថ្នាក់បំផុត ដោយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ពួកវាបានធ្វើសកម្មភាពយ៉ាងព្រហើន ចូលទៅបាញ់សម្លាប់ជនរងគ្រោះម្នាក់យ៉ាងអាណោចអាធ័ម នៅក្នុងរោងចាំចំការពោត រួចប្លន់យកម៉ូតូ និងសម្ភារៈគេចខ្លួនបាត់។ មិនតែប៉ុណ្ណោះ ក្រុមកាត់កាលនេះថែមទាំងបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋអស់ចំនួន ៤លើកផ្សេងទៀត រួចយកទៅលក់បន្តឱ្យទៅបណ្តាញទទួលផលចោរកម្ម។
នៅក្នុងកិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣នាក់ (ក្នុងនោះរួមទាំងបក្សពួកទទួលផលចោរកម្មម្នាក់ផងដែរ) ព្រមទាំងដកហូតបានម៉ូតូដែលជាវត្ថុតាងពាក់ព័ន្ធ និងអាវុធវែងប្រភេទ AK-47 ចំនួន ១ដើម ដែលក្រុមចោរប្លន់បានយកទៅលាក់ទុក។
ការបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលានេះទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋព្រោះវាបានជួយកាត់បន្ថយភាពភ័យខ្លាច និងបង្កើនជំនឿទុកចិត្តយ៉ាងមុតមាំមកលើកងកម្លាំងសមត្ថកិច្ចអាវុធហត្ថដែលតែងតែ តស៊ូការពារសន្តិសុខសុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋជានិច្ច “ស្របតាមទើសស្លោកការពារជួយសង្គ្រោះ និបម្រើប្រជាជន”
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំកសាងសំណុំរឿងគ្រប់ជ្រុងជ្រោយ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ខណៈដែលសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដុតដៃដុតជើង ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត យកមកផ្តន្ទាទោស។
ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានឆ្លៀតឱកាសអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាពិសេសមធ្យោបាយធ្វើដំណើរ ដើម្បីកុំឱ្យមានចន្លោះប្រហោងដល់ក្រុមជនខិលខូចធ្វើសកម្មភាព និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច ក្នុងករណីជួបហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង៕ រាយការណ៍ ដោយលោក សឿន វ៉ាន់ ម៉ាន់លី

