តើមានខ្នងបង្អែក ឡានដឹកទំនិញគេចពន្ធវៀតណាមសម្រុកចូលតាមច្រកទ្វេភាគីសំរោងធ្វើឲ្យខូចផ្លូវខណៈសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

​ខេត្តស្វាយរៀង÷ ប្រជាពលរដ្ឋនៅក្នុងស្រុកចន្ទ្រា និងក្រុងបាវិត បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពនៃការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហូរចូលពីប្រទេសវៀតណាមមកកាន់កម្ពុជា តាមច្រកទ្វេភាគីព្រំដែនសំរោង យ៉ាងគំហុកទាំងយប់ទាំងថ្ងៃ។ សកម្មភាពនេះកំពុងរងការសង្ស័យថា មានការឃុបឃិត និងបើកដៃពីសំណាក់នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង ក៏ដូចជាមន្ត្រីគយប្រចាំច្រកមួយនេះផងដែរ។
​ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានរថយន្តធុនធំៗគ្របតង់ជិតៗ បើកបរឆ្លងកាត់ព្រំដែនចូលមកចតនៅចំណុចស្នាក់ការគយនៃច្រកទ្វេភាគីសំរោង រួចទើបមានរថយន្តរបស់អាជីវករខ្មែរមកចាំសាង (ផ្ទេរ) ទំនិញ ដើម្បីយកទៅចែកចាយនៅលើទីផ្សារសេរីក្នុងប្រទេសកម្ពុជា។ អ្វីដែលជាការកត់សម្គាល់ ទាំងទំនិញនាំចេញ និងនាំចូល ហាក់បីដូចជាមិនត្រូវបានសមត្ថកិច្ចជំនាញត្រួតពិនិត្យឱ្យបានច្បាស់លាស់តាមនីតិវិធីច្បាប់នោះឡើយ ដែលជាហេតុធ្វើឱ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ជ្រកក្រោមរូបភាពនេះយ៉ាងពេញបន្ទុក។
​មិនត្រឹមតែការបាត់បង់ចំណូលថវិការដ្ឋនោះទេ ក្រុមឈ្មួញវៀតណាមទាំងនោះថែមទាំងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ រចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។
​ប្រភពដដែលបានបន្តទៀតថា ការដែលក្រុមឈ្មួញអាចធ្វើអ្វីៗបានតាមអំពើចិត្តបែបនេះ គឺដោយសារតែលោកនាយប៉ុស្តិ៍នគរបាលច្រកព្រំដែន និងលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វេភាគីសំរោង រួមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ប្រើប្រាស់អំណាច និងតួនាទីរបស់ខ្លួន «បិទភ្នែកម្ខាង បើកភ្នែកម្ខាង» ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ សាធារណជនខ្លះថែមទាំងដាក់ការសង្ស័យថា មន្ត្រីថ្នាក់ក្រោមទាំងនេះអាចនឹងមាន «ខ្នងបង្អែករឹងមាំ» នៅពីក្រោយខ្នង ទើបហ៊ានបណ្តែតបណ្តោយឱ្យសកម្មភាពខុសច្បាប់នេះកើតឡើងដោយសេរី មិនខ្វល់ពីការរិះគន់របស់មហាជន។
​ជុំវិញបញ្ហាមិនប្រក្រតីនេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់-ក្រុងបាវិត និងស្រុកចន្ទ្រា សូមគោរពអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, និងលោក ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាជួយដាក់ការពិនិត្យ ស្រាវជ្រាវ និងមានវិធានការក្តៅទៅលើលោកនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីសំរោង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះឡើងវិញ ដើម្បីទប់ស្កាត់ការលេចធ្លាយចំណូលពន្ធរដ្ឋ និងការពារផ្លូវថ្នល់ជូនប្រជាពលរដ្ឋ។
​អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះឡើងក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនា និងឆ្លុះបញ្ចាំងតថភាពសង្គម ជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធបានជ្រាប ដើម្បីជាជំនួយក្នុងការកែទម្រង់ និងពង្រឹងប្រសិទ្ធភាពការងារតែប៉ុណ្ណោះ។
​ទន្ទឹមនឹងនេះ អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែនTV” របស់យើងខ្ញុំ រីករាយនិងរង់ចាំទទួលការបកស្រាយ បំភ្លឺ ឬការឆ្លើយតបពីគ្រប់ស្ថាប័ន និងសាមីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតម្លាភាព និងវិជ្ជាជីវៈសារព័ត៌មាន។ សូមអរគុណ