គំរូដ៏មុតស្រួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្ទុះយុទ្ធនាការក្តៅ បង្ក្រាបនិងដកហូតឈើប្រភេទលេខ១ បានទាន់ពេលវេលា

​ខេត្តកំពង់ធំ÷ក្រោមការបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់លើការងារការពារធនធានធម្មជាតិ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់មួយត្រូវបានធ្វើឡើងយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០pre៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំសហការីផ្ទាល់ រួមដំណើរដោយលោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ចុះទៅពិនិត្យ និងប្រគល់-ទទួលឈើប្រភេទលេខ១ (ឈើគគីរ) ដែលកម្លាំងជំនាញស្ទាក់ចាប់បាន នៅតំបន់អូរជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
​សកម្មភាពដ៏ហ្មត់ចត់ និងការលះបង់របស់ លោ កឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានស្ដែងឡើងតាមរយៈការតាមដាន និងការប្រើប្រាស់វិធានការជំនាញយ៉ាងយប់ម៉ៅ។ លោកមេបញ្ជាការបានបញ្ជាក់ឱ្យដឹងថា ដោយមានកិច្ចសហការ និងទទួលបានព័ត៌មានច្បាស់ការណ៍ពីបណ្ដាញសម្ងាត់ ថាមានក្រុមកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ លួចលាក់ធ្វើសកម្មភាពយ៉ាងសកម្មនៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដោយដឹកចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ឆ្ពោះមកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ក្នុងគោលបំណងបន្តដឹកជញ្ជូនទៅលក់បន្តនៅរាជធានីភ្នំពេញ។
​ភ្លាមៗនោះ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងទាន់ហេតុការណ៍របស់លោកមេបញ្ជាការ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់ពង្រាយកម្លាំងអន្តរាគមន៍រង់ចាំស្ទាក់ចាប់។ ជាលទ្ធផល នៅវេលាម៉ោង ៤:៣៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ យោធភូមិភាគបានស្ទាក់ចាប់បានគោយន្តកន្ត្រៃកែច្នៃដឹកឈើប្រភេទលេខ១ ចំនួន ០២ គ្រឿង ខណៈដែលក្រុមជនសង្ស័យបានឆ្លៀតឱកាសងងឹតរត់គេចខ្លួនបាត់ស្រមោល។
​នៅក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់នោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានបង្ហាញពីជំហរដាច់ខាតក្នុងការប្រឆាំងបទល្មើសធនធានធម្មជាតិ ដោយបានបញ្ជាឱ្យកងកម្លាំងប្រគល់វត្ថុតាងឈើ និងគោយន្តទាំងអស់ ជូនទៅលោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។
​លើសពីនេះទៅទៀត លោកមេបញ្ជាការ ក៏បានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់ ដោយបានសំណូមពរយ៉ាងទទូចដល់ស្ថាប័នជំនាញ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ មិនត្រូវបញ្ឈប់ការងារត្រឹមការដកហូតវត្ថុតាងនោះឡើយ ពោលគឺត្រូវបន្តសហការស្រាវជ្រាវ វែករកមុខសញ្ញាជនល្មើស និងមេខ្លោងដែលនៅពីក្រោយខ្នង មកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន ដោយគ្មានការលើកលែង ឬយោគយល់ណាមួយឡើយ ដើម្បីជាការព្រមាន និងការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស។
​សកម្មភាពបង្ក្រាបប្រកបដោយភាពវៃឆ្លាត និងទាន់ចិត្តនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងមិនខ្លាចនឿយហត់របស់ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងការចូលរួមចំណែកថែរក្សាការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕ សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅប្រម៉ាញ់ជាយដែន