បង្ក្រាបទាន់ចិត្ត! នគរបាលស្រុកមង្គលបូរីបញ្ជូនចោរលួចម៉ូតូពីរនាក់និងជនដៃឆ្នើមវាយបំផ្លាញកុងទ័រភ្លើងម្នាក់ទៅតុលាការ

​ខេត្តបន្ទាយមានជ័យ÷ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យសរុបចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងនោះ ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងម្នាក់ទៀតពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
១.ករណីព្រហ្មទណ្ឌក្រឡុកអស់ល្បិចព្រោះកិច្ចសហការឆ្លងខេត្ត ​ចំពោះករណីចោរកម្មលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
​ក្រោយពីទទួលបានបណ្តឹង និងសេចក្តីរាយការណ៍ភ្លាម លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបញ្ជាផ្ទាល់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក។ ដោយមានកិច្ចសហការយ៉ាងស្អិតរមួត និងទាន់ពេលវេលាជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល (ខេត្តបាត់ដំបង) សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ បានសម្រេច។
ចំពោះវត្ថុតាងដែលជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលដកហូត និងធ្វើការប្រគល់ជូនម្ចាស់ដើមវិញទាំងស្រុងហើយ។
២.ករណីបំភ្លេចបំផ្លាញស្រែកឡូឡាកាន់អង្រែវាយ។កម្ទេចកងទ័រភ្លើងដាច់ចរន្តអគ្គិសនី ២៤ ផ្ទះ
​ដោយឡែក ជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនបានភ្លាមៗជាបន្តបន្ទាប់ បន្ទាប់ពីបុគ្គលរូបនេះបានបង្កភាពអនាធិបតេយ្យ ស្រែកឡូឡា និងបានទាញអង្រែឈើប្រវែងប្រហែលកន្លះម៉ែត្រ ដើរវាយកម្ទេចប្រអប់កុងទ័រអគ្គិសនីរបស់ប្រជាពលរដ្ឋ។
​សកម្មភាពវែកចានវាយឆ្នាំងនេះ បានបណ្តាលឱ្យកុងទ័រភ្លើងចំនួន ៤គ្រឿង រងការខូចខាតបែកខ្ទេចខ្ទីទាំងស្រុង និងធ្វើឱ្យដាច់ចរន្តអគ្គិសនីប្រើប្រាស់ ជះឥទ្ធិពលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរហូតដល់ ២៤ខ្នងផ្ទះ។
​ជាចុងក្រោយ តំណាងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាកសិករទាំងអស់៖
​មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
​រាល់ពេលទៅធ្វើស្រែចម្ការ សូមទុកដាក់យានជំនិះ (ម៉ូតូ ឬកង់) នៅក្នុងកន្លែងដែលមានសុវត្ថិភាព និងចាក់សោឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឆ្លៀតឱកាសពីក្រុមជនខិលខូច។ សម្រួលអត្ថបទដោយ លោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន