រហ័សទាន់ចិត្ត! ហ៊ានបំពានច្បាប់លួចកាត់ខ្សែភ្លើងទាំងកណ្ដាលថ្ងៃត្រង់ ត្រូវនគរបាលស្រុកម៉ោងឬស្សី ក្រសោបក្របួចបានទាំងវត្ថុតាងភ្លាមៗ

​ខេត្តបាត់ដំបង÷ មុខសញ្ញាចោរកម្មម្នាក់ ដែលមានចិត្តព្រហើន ហ៊ានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់អ្នកភូមិទាំងពាក់កណ្តាលថ្ងៃត្រង់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានសម្រេចភ្លាមៗ ដើរតាមទាន់ស្រមោលជនល្មើសយ៉ាងមានប្រសិទ្ធភាព។
​កិច្ចប្រតិបត្តិការដ៏រហ័សរហួន និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០ និង ៥០នាទីព្រឹក នៅចំណុចក្រុមទី៥ ភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានករណីលួចកាត់ខ្សែភ្លើងមួយបានកើតឡើង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចកាត់ខ្សែភ្លើងប្រវែងប្រហែល ១៥០ម៉ែត្រ ដែលជារបស់ជនរងគ្រោះឈ្មោះ ផន ប្រឹម ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ ភ្លាមៗក្រោយពេលដឹងថាបាត់បង់ទ្រព្យសម្បត្តិ ជនរងគ្រោះបានប្រញាប់រាយការណ៍ និងដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចនគរបាល។
​ដោយទទួលបានពាក្យបណ្តឹងភ្លាម និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានយោបល់ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាន់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ ចុះស្រាវជ្រាវតាមកៀកយ៉ាងប្រកិត។
​ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កម្លាំងសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ថាំង ថាត់ ភេទប្រុស អាយុ ២៦ឆ្នាំ រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពទាំងបាក់ស្បាតថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះប្រាកដមែន។ នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដករហូតវត្ថុតាងរួមមាន÷
​ខ្សែភ្លើងចំនួន ០៦ដុំ (ប្រវែងប្រហែល ១៥០ម៉ែត្រ) ​ការ៉ុងពណ៌ក្រហមចំនួន ០១ ​ដង្កាប់ចំនួន ០១ (សម្រាប់កាត់ខ្សែភ្លើង)
​អាវដៃវែងពណ៌ផ្កាឈូកចំនួន ០១ (ប្រើសម្រាប់រុំដង្កាប់)
​បច្ចុប្បន្ន វត្ថុតាងជាខ្សែភ្លើងត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញទាំងស្រុង ចំណែកឯជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
​កិច្ចបង្ក្រាបដ៏ទាន់ពេលវេលានេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលស្រុកមោងឫស្សី ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព គួរជាទីទុកចិត្ត និងកក់ក្តៅបំផុតរបស់ប្រជាភពលរដ្ឋនៅក្នុងមូលដ្ឋាន៕រាយការណ៍ ដោយ លោក សឿន វ៉ាន់ម៉ាលី