ក្រសោបបានហើយ! ស្ត្រីល្បិចខ្ពស់ដើរបោកប្រាស់លក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃ ក្លែងជាមាស ផ្លាកទីនត្រូវសមត្ថកិច្ចស្រុកម៉ោងឬស្សី សហការវាយខ្នោះដល់ក្រុងបាត់ដំបង

​ខេត្តបាត់ដំបង÷មុខសញ្ញាជនសង្ស័យម្នាក់ ដែលបានប្រើល្បិចបោកប្រាស់យ៉ាងទុច្ចរិត ដើរលក់ និងយកគ្រឿងអលង្ការកាឡៃមកបន្លំធ្វើជាមាស និងប្លាទីន ដើម្បីបោកយកប្រាក់រាប់លានរៀលពីប្រជាពលរដ្ឋ ឥឡូវនេះត្រូវបានកម្លាំងនគរបាលជំនាញ ដេញប្រកិត និងវាយខ្នោះបានសម្រេចហើយ បន្ទាប់ពីធ្វើសកម្មភាពទុច្ចរិតអស់មួយរយៈមក។

​ប្រតិបត្តិការបង្ក្រាបដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១:១០ នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងយោបល់ដឹកនាំដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
​ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯកស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងជំនាញវិជ្ជាជីវៈ ដោយបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក។ អ្វីដែលជាចំណុចគួរឲ្យកោតសរសើរនោះគឺ កិច្ចសហការយ៉ាងស៊ីចង្វាក់គ្នារវាងកងកម្លាំងនគរបាលអធិការដ្ឋានស្រុកម៉ោងឬស្សីជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងរហូតឈានដល់ការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យបានដល់ទីតាំងលាក់ខ្លួន ស្ថិតនៅចំណុចភូមិអូរតានុប ក្រុងបាត់ដំបង។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ យិន រស្មី ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅក្នុងបុរីសំណាងទេវី ភូមិអូរតានុប សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ស្ត្រីរូបនេះត្រូវបានចោទប្រកាន់ពីបទ «ឆបោក» យ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះចំនួន ០៥ នាក់ នៅក្នុងព្រឹត្តិការណ៍ទិញលក់ និងទទួលបញ្ចាំគ្រឿងអលង្ការ នៅម្តុំផ្សារកូនខ្លុង ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី០1 ខែមិថុនា ឆ្នាំ២០២៦។

​តាមប្រភពព័ត៌មានពីសមត្ថកិច្ច ជនរងគ្រោះទាំង ០៥ នាក់ បានចាញ់បោកល្បិចកល និងបាត់បង់ថវិកាសរុបអស់រាប់លានរៀល ដោយសារតែជនសង្ស័យយកគ្រឿងអលង្ការកាឡៃមកភូតកុហកថាជាមាស ឬប្លាទីនពិតៗ។ ក្រោយពេលបានប្រាក់កក់ ឬប្រាក់បញ្ចាំហើយ ជនសង្ស័យតែងតែធ្វើជាបំភ្លេច និងកាត់ផ្តាច់រាល់ការទាក់ទងទាំងអស់ ដើម្បីគេចវេសពីការទទួលខុសត្រូវ។

​នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
​គ្រឿងអលង្ការធ្វើពីលោហៈធាតុពណ៌លឿង (កាឡៃក្លែងបន្លំ) ជាច្រើនខ្សែក/វត្ថុ
​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងអលង្ការ
​ទូរស័ព្ទដៃចំនួន ០១ គ្រឿង
​វិក័យបត្រសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបោកប្រាស់ចំនួន ០១ ក្បាល។
​យុទ្ធនាការបង្ក្រាបនេះទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ព្រោះបានជួយបំបាត់មុខសញ្ញាខួរកខ្វក់ដែលបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕ រាយការណ៍ ដោយ លោក សឿន វ៉ាន់ម៉ាន់លី