ខេត្តស្វាយរៀង÷ក្រោមការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការលុបបំបាត់បទល្មើសគ្រប់ប្រភេទ និងដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងការរក្សាទុកអាវុធខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ដឹកនាំដោយលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត និងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមសហការយ៉ាងសកម្មពីសំណាក់ លោកអធិការ, លោកអធិការរងនគរបាលក្រុង, លោកនាយករងរដ្ឋបាលក្រុង, លោកនាយផ្នែក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកមេភូមិបាវិតលើ ផងដែរ។
ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការចុះឆែកឆេរទីតាំងបន្ទប់ជួលចំនួន ២បន្ទប់ (ជារបស់លោកស្រី ជុំ ទេវី) កងកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបចំនួន ៤នាក់ (មាន២សញ្ជាតិ) ព្រមទាំងដកហូតវត្ថុតាងខុសច្បាប់ និងសម្ភារពាក់ព័ន្ធមួយចំនួនធំ រួមមាន៖
បន្ទប់ទី១(ឃឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់១នាក់និងវៀតណាម១នាក់ ដកហូតបានគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់, ជញ្ជីងថ្លឹង ២គ្រឿង, ទូរសព្ទដៃ ៣គ្រឿង, iPad ២គ្រឿង, ម៉ូនីទ័រ ១គ្រឿង, កាតធនាគារ ៩សន្លឹក, លិខិតឆ្លងដែន ១ក្បាល និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បន្ទប់ទី០២(ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់២ នាក់) ដកហូតបានអាវុធខ្លីចំនួន ២ដើម, ថ្នាំគ្រាប់ពណ៌ក្រហម ៨គ្រាប់, ថ្នាំគ្រាប់ពណ៌ខ្មៅ ១,៥គ្រាប់, គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ១កញ្ចប់, ជញ្ជីងថ្លឹង ២គ្រឿង, ទូរសព្ទដៃ ៦គ្រឿង, iPad ២គ្រឿង, ក្បាលបារីអេឡិចត្រូនិច ១ប្រអប់ ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជោគជ័យនៃប្រតិបត្តិការដ៏ធំនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ភាពវៃឆ្លាត និងកិច្ចសហការគ្នាយ៉ាងស្អិតរមួតរបស់គណៈបញ្ជាការឯកភាពក្រុងបាវិត និងស្ថាប័នអយ្យការ។ សកម្មភាពបង្ក្រាបទាន់ពេលវេលានេះ មិនត្រឹមតែបានទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដកហូតអាវុធខុសច្បាប់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កអសន្តិសុខក្នុងសង្គមផងដែរ។ នេះជាស្នាដៃដ៏ត្រចះត្រចង់មួយដែលទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរៀបចំសំណុំរឿង និងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ រាយការណ៍ដោយលោកសឿនវ៉ាន់ម៉ាន់លី ភ្នាក់ងារ ប្រម៉ាញ់ជាយដែន


