គ្រឿងញៀនជិត ៣៨គីឡូក្រាមត្រូវបានបង្ក្រាបទាន់ពេលវេលា នៅលើទន្លេមេគង្គស្រុកបូរីអូរស្វាយសែនជ័យ ជនសង្ស័យរត់គេចខ្លួនបាត់

​ខេត្តស្ទឹងត្រែង÷កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដោយដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣៧កញ្ចប់ធំ ដែលមានទម្ងន់សរុបជិត ៣៨គីឡូក្រាម នៅភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ។
​ផ្អែកតាមរបាយការណ៍ពីសមត្ថកិច្ច ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២១:២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចកន្ទុយកោះហឹប ស្ថិតក្នុងភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧៤៧ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងមន្ទីរបរិស្ថានខេត្ត ឆ្មក់ចូលបង្ក្រាបទាន់ពេលវេលា ខណៈក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពនៅលើទន្លេមេគង្គ។ ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមជនសង្ស័យបានដឹងខ្លួនមុន និងបានលោតទឹកទន្លេ រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែវត្ថុតាងគ្រឿងញៀន។
​លុះមកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ឬម៉ាទឹកកក) ទាំងនោះដោយផ្ទាល់។ ពិធីត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត, ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត, លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ និងនាយ-នាយរងការិយាល័យពាក់ព័ន្ធជាច្រើនរូបទៀត។
​ក្រោយការថ្លឹងពិនិត្យជាក់ស្តែង វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទាំង ៣៧កញ្ចប់នោះ មានទម្ងន់សរុបចំនួន ៣៧,៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់)។
​បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបន្តកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាមួយគ្នានោះ សមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យដែលរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕សម្រួលអត្ថបទ÷ដោយ មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន