បង្ក្រាបសម្បុកគ្រឿងញៀននៅស្រុកគិរីវង្ស!នគរបាលឃាត់ខ្លួនជន់សង្ស័យ១០នាក់ជាមួយវត្ថុតាងមួយចំនួន

​ខេត្តតាកែវ÷កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់យ៉ាងក្តៅគគុកមួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន ១០នាក់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន និងមធ្យោបាយធ្វើសកម្មភាពមួយចំនួន។
​កិច្ចប្រតិបត្តិការខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
​នៅក្នុងការចុះអនុវត្តផ្ទាល់ វរសេនីយ៍ឯក ជាសុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំលោកអធិការរងទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ស្រុក ចុះទៅដល់ទីតាំងស្តែងៗ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង ១០នាក់នោះតែម្តង។
​ជាលទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
​ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០៧ កញ្ចប់តូច
​ម៉ូតូចំនួន ០៤ គ្រឿង
ទូរស័ព្ទដៃចំនួន ០៧ គ្រឿង
បច្ចុប្បន្ន ទាំងក្រុមជនសង្ស័យ និងវត្ថុតាងចាប់យកទាំងអស់ ត្រូវបានកម្លាំងនគរបាលស្រុកគិរីវង់ កសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕ សម្រួលអត្ថបទដោយលោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន