ខេត្តបាត់ដំបង÷ ក្រោមបទបញ្ជា និងការយកចិត្តទុកដាក់ខ្ពស់លើការរឹតបន្តឹងសន្តិសុខតាមមូលដ្ឋាន ពីសំណាក់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៨នាក់(ស្រី០១នាក់)។
កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១.ការបង្ក្រាបក្នុងភូមិសាស្ត្រ ភូមិអូ
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ នាទីត្រង់ យោងតាមការចុះល្បាតការពារសន្តិសុខយ៉ាងសកម្ម កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ០១នាក់) នៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ជនសង្ស័យទាំងនោះរួមមានឈ្មោះ៖ នាក់ នី, មិត្ត ឡាត់, កេត វល្លិល័ក្ខ, ឌឿន សុខឈាង, សឹម ឌីណា និង កែវ ភ័ក្រ្ត។ ក្នុងនោះ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា ១ថង់ និង ១កំណាត់ទុយោ, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ៤គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន។ ដំណាក់កាលទី ២ ពង្រឹងការស៊ើបអង្កេតឈានទៅបង្ក្រាបដល់សម្បុកផ្អែកតាមចម្លើយសារភាពយ៉ាងប្រកិតរបស់ជនសង្ស័យឈ្មោះ នាក់ នី និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៣:១៥ នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តបើកកិច្ចប្រតិបត្តិការឈានទៅឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន ០២នាក់ ទៀត គឺឈ្មោះ ទុំ ទិត្យ និង យុន ធឿន នៅចំណុចក្រុមទី០១ ភូមិអូរថ្ម ឃុំសន្តិភាព។លទ្ធផលវត្ថុតាងសរុបដែលសមត្ថកិច្ចដកហូតបានរួមមាន÷ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ១៣ ថង់ និង ៤កំណាត់ទុយោ
ថ្នាំគ្រាប់រាងមូលសំប៉ែត (WY) ចំនួន ៥០គ្រាប់ (ពណ៌ផ្កាឈូក ៤៩គ្រាប់, ពណ៌បៃតង ០១គ្រាប់)
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
សម្ភារៈសម្រាប់ប្រើប្រាស់ និងច្រករំលែកលក់មួយចំនួន
កាំបិតចំនួន ០៧ដើម ម៉ូតូ០១គ្រឿង
និងទូរស័ព្ទដៃចាស់ៗចំនួន
០៦គ្រឿង
ប្រាក់រៀលចំនួន ១៥០,០០០រៀល
បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

