បង្ក្រាបក្រុមចោរលួចយ៉ាងសកម្ម និងឃាត់ខ្លួនមុខសញ្ញាចាស់ ៣នាក់ព្រមទាំងថ្នាំញៀននិងម៉ូតូជាច្រើនគ្រឿងមួយចំនួន

​ខេត្តបន្ទាយមានជ័យ៖ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក ឈានទៅឃាត់ខ្លួនក្រុមចោរលួចគាស់ទម្លុះទម្លាយយ៉ាងសកម្មចំនួន ៣នាក់ ដែលជាមុខសញ្ញាចាស់ ព្រមទាំងដកហូតបានគ្រឿងញៀន និងវត្ថុតាងម៉ូតូជាច្រើនគ្រឿង។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ។

​យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចទូរស័ព្ទ, ម៉ូតូ, និងទូរទស្សន៍) ដែលបានកើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រសង្កាត់ចំនួន ៤ នៃក្រុងសិរីសោភ័ណ។

​ក្រោយទទួលបញ្ជា និងបណ្តឹងភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងឈានទៅបង្ក្រាបបានក្រុមជនសង្ស័យទាំង ៣នាក់។ គួររំលឹកផងដែរថា ជនសង្ស័យទាំងនេះ សុទ្ធសឹងតែជាមុខសញ្ញាចាស់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ឆ្លងកាត់មណ្ឌលកែប្រែ ពីបទលួច និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួចមកហើយ ប៉ុន្តែមិនរារែក ហាក់នៅតែបន្តសកម្មភាពបង្កការអសន្តិសុខដល់សង្គមដដែល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
​គ្រឿងញៀន (ប្រភេទម៉ាទឹកកក និងថ្នាំគ្រាប់ពណ៌ក្រហម WY) មួយចំនួន។
​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយកំប្លេ។
​ម៉ូតូ ចំនួន ៤គ្រឿង (ក្នុងនោះម៉ូតូមួយចំនួន ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនម្ចាស់ដើមវិញហើយ)។

ការបញ្ជាក់ ពីសមត្ថកិច្ចលោកវរៈសេនីយ៍ត្រី សុខ ឡេឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការដ៏ជោគជ័យនេះ គឺទទួលបានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបទាន់ពេលវេលានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងអាវុធហត្ថ ក្នុងការការពារសុវត្ថិភាព របៀបរៀបរយសង្គម និងការរក្សាសន្តិសុខយ៉ាងកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងឡើយ៕ រាយការណ៍ដោយលោក សឿនហៀរឡុង