ខេត្តព្រះសីហនុ÷ វិធានការរឹតបន្តឹង និងទប់ស្កាត់ការចរាចរណ៍ផលិតផលសត្វខុសច្បាប់ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះស្ទាក់ឃាត់រថយន្តដឹកជញ្ជូនពងមាន់មួយគ្រឿង ដែលផ្ទុកពងមាន់សរុបប្រមាណ ៩០,០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងអំឡុងពេលដែលមន្ត្រីជំនាញកំពុងបំពេញបេសកកម្មត្រួតពិនិត្យការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ។
ក្រោយរកឃើញភាពមិនប្រក្រតី កម្លាំងសមត្ថកិច្ចបានសម្រេចដកហូត និងបញ្ជូនទាំងរថយន្ត រួមទាំងវត្ថុតាងពងមាន់ទាំង ៩ម៉ឺនគ្រាប់នោះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញភ្លាមៗ ដើម្បីប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចថ្នាក់លើ ក្នុងការបន្តនីតិវិធីច្បាប់។
នាពេលនេះ មន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យយ៉ាងម៉ត់ចត់លើឯកសារគតិយុត្ត វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ និងនីតិវិធីនៃការនាំចូល ថាតើបានអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ។ អង្គភាពព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាន និងផ្សាយជូនព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញចំណាត់ការផ្លូវច្បាប់លើករណីមួយនេះ៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន



