ខេត្តបាត់ដំបង÷ ស្តែងឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក លោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានដឹកនាំសហការី និងមន្ត្រីក្នុងអង្គភាព អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ម៉ី រតនា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ម៉ី រតនា បច្ចុប្បន្នកំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីលោកបានជួបប្រទះនូវស្ថានភាពជំងឺទឹកនោមផ្អែមធ្វើទុក្ខ រហូតឈានដល់ការកាត់ម្រាបជើង ដើម្បីការពារសុវត្ថិភាពសុខភាព។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោកវរសេនីយ៍ទោ ហេង បារាំង បានពាំនាំនូវការសាកសួរសុខទុក្ខ និងការគិតគូរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះស្ថានភាពជំងឺរបស់លោកនាយរងប៉ុស្តិ៍។ ជាមួយគ្នានោះ លោកអធិការ ក៏បាននាំយកនូវថវិកាឧបត្ថម្ភមួយចំនួន ដែលបានមកពីការចូលរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស និងសាមគ្គីភាពផ្ទៃក្នុង ពីសំណាក់កងកម្លាំងនគរបាលទូទាំងស្រុកបាណន់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងការចំណាយលើការព្យាបាលមួយផ្នែកផងដែរ។
សកម្មភាពមនុស្សធម៌ និងការបង្ហាញទឹកចិត្តសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនាពេលនេះ បានធ្វើឱ្យក្រុមគ្រួសាររបស់អ្នកជំងឺ សម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអធិការស្រុកបាណន់ ព្រមទាំងមន្ត្រីនគរបាលទាំងអស់ ដែលមិនបោះបង់គ្នា ក្នុងគ្រាមានទុក្ខលំបាក និងឈឺស្កាត់បែបនេះឡើយ៕សម្រួលអត្ថបទ÷ដោយលោកមុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន


