ខេត្តកោះកុង÷ សកម្មភាពលួចលាក់នេសាទ និងប្រមូលទិញ «កូនក្រែងឈាម» ដែលជាប្រភេទជលផលហាមឃាត់ ដើម្បីនាំចេញទៅលក់នៅប្រទេសវៀតណាម កំពុងតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។ អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងរិះគន់នោះគឺ ទីតាំងផ្ទេរផ្ទុក (សាង) ផលនេសាទខុសច្បាប់ទាំងនេះ បែរជាអាចធ្វើឡើងនៅចំកណ្តាលថ្ងៃត្រង់ ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ត្រង់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ៤ ទៅវិញ។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជានេសាទក្នុងតំបន់ បានទម្លាយឱ្យដឹងថា មុខសញ្ញាដឹកជញ្ជូន និងប្រមូលទិញកូនក្រែងឈាមខុសច្បាប់ដ៏សកម្មម្នាក់ មានឈ្មោះហៅក្រៅថា “បាវ”។ ឈ្មោះ បាវ នេះ ត្រូវបានគេស្គាល់ថាជាមេខ្យល់ធំ ដែលតែងតែមកលួចទិញកូនក្រែងឈាមជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលកូនក្រែងកើតម្តងៗ នៅក្នុងតំបន់ហាមឃាត់នៃឃុំជីខក្រោម ឃុំថ្មស និងឃុំអណ្តូងទឹក។
ប្រភពដដែលបានលាតត្រដាងទៀតថា កូនក្រែងតូចៗទាំងនោះ ត្រូវបានទិញក្នុងតម្លៃថោកសមរម្យពីមន្ត្រីសាលាឃុំជីខលើម្នាក់ (សុំមិនបញ្ចេញឈ្មោះ) និងពីប្រជានេសាទល្មើសច្បាប់ ដោយក្នុងមួយគីឡូក្រាមមានកូនក្រែងប្រមាណ ៣៣,០០០ក្បាល ទិញចូលតម្លៃ ២៨,០០០រៀល រួចដឹកជញ្ជូនយកទៅលក់បន្តនៅប្រទេសវៀតណាម ក្នុងតម្លៃរហូតដល់ ៤៥,០០០រៀល ក្នុងមួយគីឡូក្រាម ដែលបង្កើតជាប្រាក់ចំណេញយ៉ាងក្រាស់ក្រែល។
លើសពីនេះ ក្រៅពីឈ្មោះ បាវ ក៏មានមុខសញ្ញាម្នាក់ទៀតឈ្មោះ “ខៀម” រស់នៅភូមិស្រែថ្មី ឃុំថ្មស ដែលបានធ្វើសកម្មភាពដឹកជញ្ជូនកូនក្រែងឈាមឆ្ពោះទៅប្រទេសវៀតណាមជារៀងរាល់យប់ផងដែរ។
សកម្មភាពអូសកូនក្រែងឈាមនេះ ត្រូវបានក្រុមខុសច្បាប់ធ្វើឡើងនៅពេលយប់ នៅក្នុងតំបន់ទឹកទឹករាក់ ដែលជាតំបន់អភិរក្ស និងជាកន្លែងសម្រាប់ជលផលបន្តពូជ។ បើតាមការវាយតម្លៃ ការនេសាទយកកូនក្រែងទំហំប៉ុនៗនេះ ទៅលក់ក្នុងស្រុកគឺមិនងាយនឹងហិនហោចឡើយ ប៉ុន្តែការប្រមូលទិញដើម្បីនាំចេញទៅក្រៅប្រទេសក្នុងបរិមាណរាប់តោន បែបនេះ គឺជាការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រខ្មែរយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្តែង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ គេបានឃើញរថយន្តដឹកជញ្ជូនកូនក្រែងឈាមរបស់ឈ្មោះ បាវ មកធ្វើការសាងទំនិញនៅការ៉ាស់សាំងសូគីម៉ិច ផ្លូវជាតិលេខ៤ ដដែល។ ដើម្បីគេចវេសពីការចាប់អារម្មណ៍ កាលពីមុនរថយន្តនេះធ្លាប់ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-5635 ប៉ុន្តែបច្ចុប្បន្នបានប្តូរមកពាក់ស្លាកលេខស៊ីវិលធម្មតាវិញ គឺលេខ-2A-9911 គោរំលឹកផងដែរថា÷ កាលពីឆ្នាំ ២០២៥ កន្លងទៅ មុខសញ្ញាដដែលនេះធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាច្រើនដងរួចមកហើយ ប៉ុន្តែតែងតែរួចខ្លួនជានិច្ច ដោយសារតែមានខ្សែញាក់ និងការបើកភ្នែកម្ខាងបិទភ្នែកម្ខាងពីសំណាក់អ្នកមានអំណាចនៅពីក្រោយខ្នង។ មតិរិះគន់ដើម្បីស្ថាបនា តើសមត្ថកិច្ចច្បាប់នៅឯណា?
តាមច្បាប់ស្តីពីជលផល ការនេសាទ និងជួញដូរប្រមូលទិញកូនជលផលក្នុងតំបន់ហាមឃាត់ និងការនាំចេញដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ។
ជុំវិញករណីនេះ មហាជន និងអ្នកសារព័ត៌មានបានចោទជាសំណួរទៅកាន់ស្ថាប័នជំនាញ ជាពិសេស មន្ត្រីជំនាញជលផលស្រុកបាតុមសាគរ និងស្រុកស្រែអំបិលថា៖ “នៅពេលដែលបទល្មើសកើតឡើងជាក់ស្ដែងទល់មុខនិងភ្នែកតើហេតុអ្វីបានជាមិនមានចំណាត់ការច្បាប់?
“នៅពេលទោះបីជាស្ថិតនៅក្នុងតំបន់ព្រំប្រទល់ដែនសមត្ថកិច្ចគ្រប់គ្រងខុសគ្នាបន្តិចបន្តួច។ក៏ដោយក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ការពារ ផលប្រយោជន៍ជាតិតើលោកមានសិទ្ធិក្នុងការបង្ក្រាបបទល្មើសជាក់ស្ដែងដែរឬទេ”?
ការឆ្លើយតបដោយភាពស្ងៀមស្ងាត់ ឬការរុញរទេះដាក់គ្នាទៅវិញទៅមកពីសំណាក់មន្ត្រីពាក់ព័ន្ធ នៅពេលដែលអ្នកសារព័ត៌មានរាយការណ៍ផ្ទាល់មាត់ និងផ្តល់ភស្តុតាងជាក់ស្តែង គឺជាសញ្ញាណអវិជ្ជមានមួយក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
យើងខ្ញុំក្នុងនាមជាអ្នកសារព័ត៌មាន សូមគោរពស្នើសុំយ៉ាងទទូចដល់លោកប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យ និងមានវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះឈ្មោះ បាវ និងឈ្មោះ ខៀម ព្រមទាំងបក្ខពួក ដើម្បីទប់ស្កាត់ការហូរចេញនូវធនធានធម្មជាតិរបស់ខ្មែរទៅក្រៅប្រទេស និងដើម្បីបង្ហាញពីភាពស្អាតស្អំ ប្រកបដោយតម្លាភាពរបស់មន្ត្រីរាជការយើង៕សម្រួលអត្ថបទ÷ដោយ លោក មុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន

