ខេត្តស្វាយរៀង÷សកម្មភាពរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ កំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋមូលដ្ឋាន និងមជ្ឈដ្ឋានទូទៅ ខណៈដែលសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន រងការរិះគន់ចំៗថា បានរក្សាភាពស្ងៀមស្ងាត់ និងអាចមានការ «បើកដៃ» ឱ្យក្រុមឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត ដើម្បីតែផលប្រយោជន៍បុគ្គល និងបក្សពួក។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតច្រករបៀងព្រំដែនសំរោង ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានទម្លាយឱ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមរយៈរថយន្តវ៉េអងខ្នាតយក្សធំៗ កំពុងតែដំណើរការទៅយ៉ាងរលូនទាំងយប់ទាំងថ្ងៃ។ ប្រភពដដែលបានគូសបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចដ៏ទ្រង់ទ្រាយធំនេះ មិនអាចទៅរួចឡើយ ប្រសិនបើគ្មានការ «បើកភ្លើងខៀវ» ពីសំណាក់លោកនាយប៉ុស្តិ៍ច្រករបៀងនគរបាលការពារព្រំដែនគោកសំរោង ដែលជាអ្នកមានសិទ្ធិអំណាចផ្ទាល់នៅទីនោះ។
ផ្អែកតាមការចុះទៅពិនិត្យ និងផ្តិតយករូបភាពផ្ទាល់ពីសំណាក់អង្គភាពសារព័ត៌មានជាច្រើន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសកម្មភាពឡានដឹកទំនិញធុនធ្ងន់ បើកបរឆ្លងកាត់ទាំងកម្រោល បណ្តាលឱ្យផ្លូវថ្នល់នៅក្នុងមូលដ្ឋានរងការខូចខាតខ្ទេចខ្ទីទាំងស្រុង បង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។ អ្វីដែលជាមន្ទិលសង្ស័យនោះគឺ ឡានដឹកទំនិញធំៗ រួមមាន៖ ស្ករស គ្រឿងអេឡិចត្រូនិច និងទំនិញគេចពន្ធផ្សេងៗទៀត ត្រូវបានគេដឹកឆ្លងដែនទៅវៀតណាមដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ឬបង់ពន្ធចូលរដ្ឋតាមច្បាប់កំណត់នោះឡើយ។
ទង្វើឃុបឃិតគ្នាយ៉ាងស្អិតរមួតរវាងក្រុមឈ្មួញខិលខូច និងមន្ត្រីខ្វះការទទួលខុសត្រូវនៅច្រករបៀងសំរោងនេះ កំពុងតែបង្កឱ្យមានការលេចធ្លាយ និងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ដែលជាការផ្ទុយទាំងស្រុងទៅនឹងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ជុំវិញករណីមិនប្រក្រតីខាងលើនេះ មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនស្ថាប័ន សម្តែងការព្រួយបារម្ភជាខ្លាំង និងសូមគោរពអំពាវនាវយ៉ាងទទូចដល់៖ឯកឧត្តម ប៉េង ពោធ៏ិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរ: ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សេរ៉ូ ស្នងការរងទទួលបន្ទុកផែនវីរៈព្រំដែន
មេត្តាជួយចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដើម្បីទប់ស្កាត់ការនាំទំនិញគេចពន្ធឆ្លងដែនខុសច្បាប់ទាំងនេះ និងមានវិធានការច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះមន្ត្រីខិលខូចណាដែលហ៊ានយកច្បាប់មកលេងសើច ដើម្បីធ្វើការ «វះកាត់» ភាពមិនប្រក្រតីនេះ ក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ និងការពារចំណូលថវិកាជាតិ។
សូមបញ្ជាក់ថា អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែន TV” យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមពិត ជម្រាបជូនថ្នាក់ដឹកនាំ និងមហាជនបានជ្រាបតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតម្លាភាព និងវិជ្ជាជីវៈសារព័ត៌មាន៕ សម្រួលអត្ថបទ÷ដោយលោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន


