ខេត្តកំពង់ស្ពឺ÷សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងរង្គាល បែបអាណាធិបតេយ្យ កំពុងតែផ្ទុះឡើងយ៉ាងពេញបន្ទុកនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងដាក់ការសង្ស័យខ្លាំងនោះគឺ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ហាក់បីដូចជាមើលមិនឃើញ និងពុំមានចំណាត់ការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ បណ្តោយឱ្យក្រុមឈ្មួញបំផ្លិចបំផ្លាញធនធានធម្មជាតិជាតិស្រស្រាំងតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា រាល់ថ្ងៃគេសង្កេតឃើញមានរថយន្តធុនយក្សប្រភេទវេរអង (V1) ជាច្រើនគ្រឿង បើកបរចូលមកដឹកជញ្ជូនអនុផលព្រៃឈើទាំងថ្ងៃទាំងយប់ ចំណុចភូមិឈើជ្រុង ឃុំតាំងសំរោង និងចំណុចភូមិក្រាំងដីវ៉ាយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បទល្មើសដ៏ធំធេងនេះ បានកើតមានឡើងជាយូរណាស់មកហើយ ប៉ុន្តែរដ្ឋបាលព្រៃឈើប្រចាំការស្រុកភ្នំស្រួច បែរជារក្សាភាពស្ងាត់ស្ងៀមដូចត្រីឆ្ដោស្រងាំចាប់នុយ ឬមួយក៏ត្រូវ «ថ្នាំសណ្ដំ» របស់ក្រុមឈ្មួញអស់ទៅហើយ ទើបបានជាសម្ងំសម្ងើបមិនព្រមងើបមកអនុវត្តច្បាប់បែបនេះ?
ជាក់ស្តែង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមការងារអ្នកសារព័ត៌មានរបស់យើងបានចុះទៅដល់ទីតាំងជាក់ស្តែង និងបានប្រទះឃើញរថយន្តវេរអងធុនធំចំនួន ២ គ្រឿង កំពុងតែលើកអនុផលព្រៃឈើដាក់លើរថយន្តយ៉ាងគគ្រឹកគគ្រេង។ អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលក្រុមមេការ និងតៃកុងឡានដឹងខ្លួនថាមានអ្នកសារព័ត៌មានទៅដល់ ពួកគេបានបើករថយន្តរត់គេចចេញពីទីតាំងនោះយ៉ាងប្រញាប់ប្រញាល់។
យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានបង្ហើបប្រាប់អង្គភាពយើងឱ្យដឹងថា រថយន្តវេរអងដឹកឈើខុសច្បាប់ទាំងនេះ គឺជារបស់មេឈ្មួញម្នាក់ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ថា «ចែមុំ» ដែលជាអ្នកទិញនិងដឹកបំផ្លាញ និងបន្តប្រមូលទិញលើកឈើឡើងឡានយក្សទាំងនេះ។
ជុំវិញវិនាសកម្មព្រៃឈើដ៏ធ្ងន់ធ្ងរនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភជាខ្លាំង និងបានគោរពស្នើសុំយ៉ាងទទូចទៅដល់ លោក ចាន់ ណា ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ
មេត្តាជួយពិនិត្យមើលទង្វើរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួនផង តើកំពុងតែបិទភ្នែកបំពេញភារកិច្ច ឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង?
ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ដោយចំអកឡកឡើយថា៖ “បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ”។ ប្រសិនបើលោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនមានវិធានការក្តៅ និងចំណាត់ការឱ្យទាន់ពេលវេលានោះទេ ព្រៃឈើនៅក្នុងស្រុកភ្នំស្រួច និងឈានទៅដល់ស្រុកឱរ៉ាល់ ច្បាស់ជាត្រូវរលាយហិនហោចគ្មានសល់ អស់រលីងដោយសារដៃក្រុមឈ្មួញទុច្ចរិតទាំងនេះជាមិនខាន។
អង្គភាពសារព័ត៌មានយើង នឹងបន្តតាមដានព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់ ហើយរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋបាលព្រៃឈើ និងសាមីខ្លួន «ចែមុំ» រៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

