ចាក់ដីលុបច្រាំងទន្លេនៅ ខណ្ឌជ្រោយចង្វា កំពុងបង្ករព្យុះមន្ទិល! មហាជនសួរចាំៗ តើច្បាប់ស្រុកទេស ធ្លាក់ក្នុងដៃបុគ្គល មានលុយ មានអំណាចអស់ហើយមែនទេ?

​ភ្នំពេញ សកម្មភាពចាក់ដីរំលោភយកឆ្នេរខ្សាច់ និងច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ កំពុងតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង និងព្រហើនបំផុត ស្ថិតក្នុងភូមិសាស្ត្រ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងបានផ្ដិតយករូបភាព ដែលបង្ហាញយ៉ាងច្បាស់ថា សកម្មភាពចាក់ដីយ៉ាងអាណាធិបតេយ្យនេះ កំពុងតែលៀនជ្រែកចូលទៅក្នុងផ្ទៃទឹក និងដីចំណីទន្លេយ៉ាងជ្រៅ គួរឱ្យអាសូរដល់ទន្លេមេគង្គ។

​ទីតាំងដែលកំពុងរងការរំលោភបំពាននេះ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្ន គេសង្កេតឃើញមានគ្រឿងចក្រធុនធ្ងន់ និងកម្មករជាច្រើននាក់ កំពុងតែបំពេញការងារយ៉ាងសកម្ម ដោយមិនញញើតនឹងច្បាប់ទម្លាប់បន្តិចណាឡើយ។
​ផ្អែកតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នករាយការណ៍ព័ត៌មាន បាននិងកំពុងដាក់មន្ទិលសង្ស័យយ៉ាងខ្លាំងថា៖
“បើមិនមានការឃុបឃិត បើកភ្លើងខៀវឬកាងពីក្រោយសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ តើបុគ្គលឯកជនអាចមានសិទ្ធិអំណាចអ្វីមកកាយដីលុបទន្លេដែលជាសទ្រព្តម្បត្តិរួមរបស់ជាតិបានតាមអំពើចិត្តបែបនេះ?” ឬមួយឱ្យតែមានលុយ មានអំណាច គឺអាចធ្វើអ្វីៗបានទាំងអស់ ដោយមិនបាច់ខ្វល់ពីច្បាប់? ការយកគ្រឿងចក្រមកដឹកជញ្ជូនដីលុបច្រាំងទន្លេនេះ មិនត្រឹមតែជាការបំពានច្បាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងដីច្រាំងទន្លេដែលជាសម្បត្តិរដ្ឋយ៉ាងធ្ងន់ធ្ងរ។

​សកម្មភាពបំផ្លាញទ្រព្យសម្បត្តិរដ្ឋនេះ បានចោទជាសំណួរយ៉ាងធំផ្ញើទៅកាន់ លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ ថា តើលោកពិតជាបានដឹងឮដែរឬទេ? ឬមួយក៏ធ្វើជា «ភ្នែកងងឹត ឬក៏ត្រូវថ្នាំសណ្ដំទឹកប្រាក់ » មិនដឹងមិនឮ អប្យាក្រឹតភាពចំពោះទង្វើខុសច្បាប់ទាំងនេះ?
​ទាក់ទិននឹងករណីបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសម្បត្តិសាធារណៈនេះ បើតាមទិដ្ឋភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖
ច្បាប់ភូមិបាលឆ្នាំ២០០១(មាត្រា១៥និងមាត្រា២៥៩) បានចែងយ៉ាងច្បាស់ថា ឆ្នេរខ្សាច់ ច្រាំងទន្លេ និងផ្លូវទឹកធម្មជាតិ គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចមានបុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិឯកជន ឬធ្វើការកែប្រែបំផ្លិចបំផ្លាញបានឡើយ។ ការរំលោភបំពានដីសាធារណៈរបស់រដ្ឋ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ព្រមទាំងបង្គាប់ឱ្យរំលាយសំណង់ ឬស្តារស្ថានភាពដីឡើងវិញ។

ច្បាប់ស្ដីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ(មាត្រា២០)ការ​រាល់សកម្មភាពទាំងឡាយណាដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ ឬប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីប្រភពទឹក ត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ក្រុមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា(មាត្រា៦០៨) ទាក់ទិននឹងការបំផ្លិចបំផ្លាញដោយចេតនានូវទ្រព្យសម្បត្តិសាធារណៈ ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវតុលាការ។
​ព្រោះតែមើលឃើញពីវិនាសកម្មនៃច្រាំងទន្លេនេះ ប្រជាពលរដ្ឋ និងមហាជនទូទៅ សូមគោរពសំណូមពរយ៉ាងទទូចដល់៖
១.ឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋមន្ត្រីក្រសួងបរិស្ថាន
២.ឯកឧត្តម ថោ ជេដ្ថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលផលប៉ះពាល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេនៅតំបន់នោះជាបន្ទាន់។
​ទន្ទឹមនឹងនេះ សូមគោរពស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការក្តៅ ចុះទប់ស្កាត់ឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យដីរដ្ឋត្រូវធ្លាក់ក្នុងដៃបុគ្គលខិលខូច។
​ជាពិសេស សូមរំលឹក និងសំណូមពរចំៗដល់ លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ មេត្តាបង្ហាញពីភាពស្អាតស្អំ និងការទទួលខុសត្រូវរបស់ខ្លួន ដោយចាត់មន្ត្រីជំនាញចុះផ្អាកសកម្មភាពនេះជាបន្ទាន់ ដើម្បីកុំឱ្យមានការរិះគន់ និងមន្ទិលសង្ស័យពីមហាជនតាមពាក្យស្លោកថា “ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ាន” ពោលគឺ បើអាជ្ញាធរមូលដ្ឋានមិនបើកដៃ គឺគ្មានជនណាហានធ្វើឡើយ។ មហាជនកំពុងរង់ចាំមើលថា តើការចាក់ដីចូលចំណីទន្លេនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសាមីដែរឬទេ? ឬគ្រាន់តែជាការលួចធ្វើដោយអាណាធិបតេយ្យ?
​ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានយើង នឹងបន្តតាមដានករណីនេះដោយយកចិត្តទុកដាក់ និងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដោយក្តីសង្ឃឹម។
​អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនា និងឆ្លុះបញ្ចាំងតថភាពសង្គម ជូនថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ។ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតម្លាភាព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ សូមអរគុណ!