ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលស្រុកភ្នំព្រឹក កម្លាំងចម្រុះបានចុះយាមល្បាតនិងពិនិត្យបទល្មើសនានានៅតាមដងផ្លូវក្នុងភូមិសាស្ត្រ

​ខេត្តបាត់ដំបង÷ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងទប់ស្កាត់រាល់បទល្មើសនានាឱ្យបានទាន់ពេលវេលា យប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៦៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានចាត់តាំង លោក សុិន លន់ អភិបាលរងស្រុក ឱ្យដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការពិនិត្យបទល្មើស និងរឹតបន្តឹងការអនុវត្តច្បាប់នៅតាមដងផ្លូវលេខ៥៩ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

​នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការពិនិត្យទៅលើដានបទល្មើសផ្សេងៗ ដូចជាការចរាចរណ៍ខុសច្បាប់ ការដឹកជញ្ជូនទំនិញគេចពន្ធ និងការពិនិត្យអាវុធជាតិផ្ទុះ ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ ក្រុមការងារក៏បានធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរតាមដងផ្លូវ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនផងដែរ។

​យុទ្ធនាការចុះពង្រឹងសន្តិសុខយ៉ាងសកម្មនៅពេលរាត្រីនេះ ទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកភ្នំព្រឹក ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងភូមិ-ឃុំមានសុវត្ថិភាព៕
សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន