បង្ក្រាបទាន់ចិត្ត! សមត្ថកិច្ចក្រុងប៉ោយប៉ែតវែកមុខចាប់ខ្លួនជនសង្ស័យ និងមេបញ្ចាំខុសច្បាប់ ដកហូតម៉ូតូជាច្រើនគ្រឿង និងអំពាវនាវឲ្យម្ចាស់ពិតប្រាកដមកទទួលយកវិញ

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចាត់ចែងយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានទៅដល់ការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) និងឃាត់ខ្លួនបានទាំងជនសង្ស័យ ព្រមទាំងមេបញ្ចាំខុសច្បាប់ ដោយដកហូតបានម៉ូតូជាច្រើនគ្រឿងត្រឡប់មកវិញ។

ដំណើររឿងនឹងការបើកសំណុំរឿងស្រាវជ្រាវ​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សេន មុំ ភេទស្រី អាយុ ៥៤ ឆ្នាំ (ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត)។ ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានជនសង្ស័យឈ្មោះ យឿនឧត្តម ហៅ ដំ ភេទប្រុស អាយុ ១៧ ឆ្នាំ បានមកខ្ចីម៉ូតូរបស់កូនស្រីខ្លួន ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AW-4184 (លេខតួ និងលេខម៉ាស៊ីន 224830) រួចក៏បានយកទៅដាក់បញ្ចាំបាត់ស្រមោល ដោយគ្មានបំណងលស់យកមកវិញឡើយ។

ប្រតិបត្តិការវែកមុខ ននឹងការកោតសរសើរចំពោះសមត្ថកិច្ច​ភ្លាមៗក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០ នាទី កម្លាំងនគរបាលជំនាញបានប្រឹងប្រែងរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ក្នុងនោះមានទាំងឈ្មោះ យឿន ឧត្តម (ហៅដំ) ដែលជាជនដៃដល់ផងដែរ។
​មិនទាន់អស់ចិត្ត និងដើម្បីលុបបំបាត់សម្បុកបទល្មើសឲ្យដល់ឫសគល់ ដោយមានការអនុញ្ញាតផ្ទាល់ពីលោកស្នងការខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញបានបន្តពង្រីកការស៊ើបអង្កេត ឈានទៅដល់ការបង្ក្រាបទីតាំងទទួលបញ្ចាំខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនមេបញ្ចាំម្នាក់ឈ្មោះ ជុំ ប៉ូឡូ ភេទប្រុស អាយុ ៤៦ ឆ្នាំ (ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត)។

​នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចមិនត្រឹមតែស្វែងរកឃើញម៉ូតូរបស់ជនរងគ្រោះខាងលើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រទះឃើញ និងដកហូតម៉ូតូសង្ស័យផ្សេងៗជាច្រើនគ្រឿងទៀត ដែលត្រូវបានរក្សាទុកនៅក្នុងទីតាំងនោះ។

កោតសរសើរនេះជាស្នាដៃដ៏ធំធេងនិងជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលតែងតែតម្កល់សុខសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាធំ។ សកម្មភាពបង្ក្រាបដ៏រហ័សទាន់ចិត្តនេះ បានជួយពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចកាន់តែខ្លាំងឡើង និងជាសារព្រមានដល់ជនខិលខូចទាំងឡាយ កុំឲ្យប្រព្រឹត្តអំពើខុសច្បាប់។ ចំណាត់ការបន្ត និងការអំពាវនាវដល់សាធារណជន.

​បច្ចុប្បន្ន ជនសង្ស័យទាំងសងខាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ចំពោះម៉ូតូរបស់ជនរងគ្រោះឈ្មោះ សេន មុំ ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ជូនម្ចាស់ដើមវិញទាំងក្តីរំភើបសប្បាយរីករាយ។
សេចក្តីជូនដំណឹងនិងអំពាវនាវ÷ ទន្ទឹមនឹងនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានបាត់បង់ម៉ូតូកន្លងមក សូមអញ្ជើញមកទំនាក់ទំនងពិនិត្យ និងផ្ទៀងផ្ទាត់លេខតួ លេខម៉ាស៊ីន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀងរាល់ម៉ោងធ្វើការ ដោយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ (ដូចជា កាតគ្រី ឬវិក្កយបត្រទិញលក់) ដើម្បីសមត្ថកិច្ចធ្វើការពិនិត្យ និងប្រគល់ជូនទៅម្ចាស់ពិតប្រាកដវិញ៕ សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន