ខេត្តប៉ៃលិន÷ ក្រោមការដឹកនាំ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង, នាយ-នាយរងការិយាល័យជំនាញ, អធិការ-អធិការរងក្រុង-ស្រុក, មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ ឃុំ/សង្កាត់ ទូទាំងខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកស្នងការ ក៏បានដាក់ចេញនូវទិសដៅការងារចំពោះមុខសំខាន់ៗចំនួន ៤ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ត រួមមាន៖
ត្រូវជម្រុញ និងបង្កើនការចុះល្បាតជាប្រចាំនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពក្មេងទំនើង។
ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងគ្រប់គ្រងការស្នាក់នៅ ការចេញ-ចូលរបស់ជនបរទេសឱ្យបានម៉ឺងម៉ាត់បំផុត។ ត្រូវបង្កើនការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសបច្ចេកវិទ្យាគ្រប់ទម្រង់។ បន្ថែមលើនេះ ត្រូវរួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងការនាំទំនិញគេចពន្ធចេញ-ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ត្រូវបន្តជម្រុញការងារអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។
ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំនូវ អនុក្រឹត្យលេខ ១៧៧ អនក្រ.បក ស្តីពីការកែទម្រង់ឯកសណ្ឋាននគរបាលជាតិ ព្រមទាំងពង្រឹងវិន័យកងកម្លាំងក្នុងការគ្រងឯកសណ្ឋានឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌការងារ។
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងការប្ដេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាលខេត្តប៉ៃលិន ក្នុងការការពារសុខសុវត្ថិភាពជូនខេត្តស្រុកភូមិ៕ដោយ លោក ស សារឿន

