ជំនាញខាងលក់លួចតែចុងក្រោយសល់តែឡាននិងទំនិញ! កម្លាំងនគរបាលស្រុកកំរៀងវាយបំបែកសម្បុកស្តុក បារីរត់ពន្ធឆ្លងដែនខុសច្បាប់ ដកហូតវត្ថុតាងសន្ធឹកសន្ធាប់

​ខេត្តបាត់ដំបង÷ ក្រុមឈ្មួញទុច្ចរិតដែលបំផ្លាញស្ថិរភាពសេដ្ឋកិច្ច និងលួចលាក់ធ្វើសកម្មភាពខុសច្បាប់ ហាក់មិនអាចលាក់ខ្លួនពួនអាត្មាបានទៀតឡើយ ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់ប្រជាពលរដ្ឋ និងកិច្ចសហការបង្ក្រាបយ៉ាងទាន់ពេលវេលាពីសំណាក់សមត្ថកិច្ច។ ជាក់ស្តែង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ឈានទៅដល់ការដកហូតបារីរត់ពន្ធឆ្លងដែនខុសច្បាប់សរុបចំនួន ១០៦កេស ដែលលាក់ទុកក្នុងរថយន្ត និងផ្ទះមួយកន្លែង ត្រៀមបម្រុងនាំឆ្លងដែនទៅប្រទេសថៃ។
​យោងតាមរបាយការណ៍ផ្លូវការពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទី ផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ និងការផ្តល់ព័ត៌មានយ៉ាងរហ័សពីប្រជាពលរដ្ឋល្អ ស្តីពីវត្តមានរថយន្តសង្ស័យមួយគ្រឿង ម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ដែលចតចោលដោយគ្មានម្ចាស់នៅក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង កម្លាំងផ្នែកជំនាញបានសហការភ្លាមៗជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី។ ដោយមានការសម្របសម្រួល និងអនុញ្ញាតផ្ទាល់ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបើកការត្រួតពិនិត្យរថយន្តនោះ និងបានរកឃើញបារីចំនួន ៦៤កេស វេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅយ៉ាងជិត។ មិនទាន់អស់ចិត្ត ក្នុងស្មារតីវែកញែករកឫសគល់ សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះសង្ស័យនៅក្បែរនោះ រកឃើញបារីលាក់ទុកបន្ថែមចំនួន ៤២កេសទៀត ធ្វើឱ្យចំនួនវត្ថុតាងសរុបកើនឡើងដល់ ១០៦កេស។
ការរិះគន់ចំៗទៅលើក្រុមឈ្មួញទុច្ចរិតសកម្មភាពលួចលាក់ដឹកជញ្ជូននិងស្តុបទតុបារីរត់ពន្ធឆ្លងដែនចូលទៅកាន់ប្រទេសជិតខាង”ថៃ” ពីសំណាក់ក្រុមឈ្មួញខិលខូចទាំងនេះ គឺជាទង្វើអគតិ អាត្មានិយម បំផ្លាញចំណូលពន្ធរដ្ឋ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនៃតំបន់ព្រំដែនកម្ពុជា។ ក្រុមឈ្មួញទាំងនេះ តែងតែប្រើប្រាស់គ្រប់ល្បិចកល មិនថាតែការវេចខ្ចប់បន្លំភ្នែក ឬការលបលួចចតរថយន្តចោល ដើម្បីគេចវេសពីច្បាប់ ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមឡើយ។ ទោះជាយ៉ាងណា ភាពមានប្រៀបនៃល្បិចកលរបស់ពួកគេ ត្រូវបរាជ័យទាំងស្រុងនៅចំពោះមុខច្បាប់ ដោយបន្សល់ទុកត្រឹមតែឡាន និងវត្ថុតាង ចំណែកឯខ្លួនឯងត្រូវរត់គេចខ្លួនបាតជើងសព្រាត ទាំងភាពភ័យខ្លាច។

​ថ្វីត្បិតតែនៅក្នុងប្រតិបត្តិការនេះ ម្ចាស់រថយន្ត និងម្ចាស់ទំនិញល្មើសច្បាប់ បានដឹងខ្លួនមុន និងរត់គេចខ្លួនបាត់ស្រមោល មុនពេលកម្លាំងសមត្ថកិច្ចទៅដល់ទីតាំងក៏ដោយ ប៉ុន្តែវត្ថុតាងទាំងអស់ត្រូវបានរឹបអូស និងរក្សាទុកតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ។
​ជាមួយគ្នានេះ មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះគំរូវីរភាព និងភាពវៃឆ្លាតរបស់កម្លាំងនគរបាលស្រុកកំរៀង ដែលបានចាត់វិធានការភ្លាមៗ មិនបង្អង់យូរ និងធ្វើការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ រហូតបំបែកសំណុំរឿងរត់ពន្ធនេះបានដោយជោគជ័យ។ ចំណាត់ការដ៏ម៉ឺងម៉ាត់នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ច ក្នុងការលុបបំបាត់រាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ពេញលេញជូនប្រជាពលរដ្ឋ។
​បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំរៀង មិនបានបន្ធូរដៃឡើយ ពោលគឺកំពុងបន្តការស្រាវជ្រាវយ៉ាងដុតដៃដុតជើង ដើម្បីកំណត់អត្តសញ្ញាណ ពន្លាត់មុខសញ្ញា និងតាមចាប់ខ្លួនក្រុមឈ្មួញដែលនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ សមត្ថកិច្ចក៏បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តចូលរួមជា “ភ្នែកនិងត្រចៀក” ផ្តល់ព័ត៌មានសម្ងាត់អំពីសកម្មភាពល្មើសច្បាប់ផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់បទល្មើសនៅតាមវណ្ឌព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន