ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននិងកំពុងបើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាបទល្មើសគ្រប់ប្រភេទ ដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ជាស្តែង យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ANlSA WULANDARl ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ដំណើររឿងនៃហេតុការណ៍÷នៅថ្ងៃកើតហេតុវេលាម៉ោងប៉ុន្មាន០០:០៩នាទីរំលងអធ្រាត្រជនរងគ្រោះ បានជិះម៉ូតូពីក្រោយមិត្តភក្តិ។ លុះធ្វើដំណើរមកដល់ម្ដុំក្លឹបហាត់ប្រាណស្តាហ្គោល (Star Gold) ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងមកអែបក្បែរ រួចធ្វើសកម្មភាពលូកឆក់កាបូបពីដៃរបស់នាង។ ប៉ុន្តែដោយសារស្មារតីរឹងមាំ ជនរងគ្រោះបានទាញដណ្តើមកាបូបមកវិញ និងស្រែកខ្លាំងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខនៅក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។
ចំពេលជាមួយគ្នានោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលកំពុងចល័តការងារក្នុងភូមិសាស្ត្រ លុះទទួលបានសញ្ញាភ្លាម ក៏បានទៅដល់ទីតាំងកើតហេតុយ៉ាងរហ័សទាន់ចិត្ត និងបានសហការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ យកមកសួរនាំនៅអធិការដ្ឋាន។
ជនសង្ស័យទាំង ២នាក់ រួមមាន៖
១.ឈ្មោះឡុង សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត (ដើរតួជាអ្នកឌុប)។
២.ឈ្មោះសួង ឈិម៉ា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ដើរតួជាអ្នកឆក់)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឱនក្បាលសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះពិតប្រាកដមែន ប៉ុន្តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់បានតែម្តង។
ការបង្ក្រាបទាន់ពេលវេលានេះ បានសំដែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ភាពឆ្លាតវៃ និងការទទួលខុសត្រូវលើសហគមន៍របស់កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលតែងតែមានវត្តមានការពារប្រជាពលរដ្ឋនិងជនបរទេស គ្រប់ពេលវេលាធ្វើឲ្យក្រុមស្ទាវនិង ជនខិលខូចគ្មានឱកាសបំផ្លាញសណ្ដាប់ធ្នាប់សង្គមបានឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
សម្រួលអត្ថបទ ÷ដោយ លោកមុត ចិត្រា ហៅប្រម៉ាញ់ជាយដែន


