ក្រញាំច្បាប់ជាន់លើមុខសញ្ញាគ្រឿងញៀន! ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបដកហូតបានទាំងថ្នាំញៀន និងអាវុធជាច្រើន ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង÷ក្រោមការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងម៉ឺងម៉ាត់ពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម បង់ ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ (ស្រី ០១នាក់) ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងអាវុធមួយចំនួនធំ។
​ប្រតិបត្តិការដ៏ជោគជ័យ និងទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។ ប្រតិបត្តិការនេះក៏មានការសម្របសម្រួលផ្ទាល់ពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ផងដែរ ដោយកម្លាំងចម្រុះបានចុះបង្ក្រាបចំគោលដៅនៅចំណុចអាហារដ្ឋានស្រីមុំ ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា។
​ជាលទ្ធផល ក្រៅពីការឃាត់ខ្លួនក្រុមជនសង្ស័យទាំង ០៧នាក់ សមត្ថកិច្ចដ៏មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ក៏បានរឹបអូសវត្ថុតាងរួមមាន៖
​ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ១០កញ្ចប់
​ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង
​អាវុធកែច្នៃ ចំនួន ០១ដើម
​ដាវ ០៦ដើម កាំបិត ០៣ដើម និងពូថៅ០១ដើម
​ម៉ូតូ ០១គ្រឿងនិងទូរស័ព្ទដៃ ចំនួន១០គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
​ការបង្ក្រាបទាន់ពេលវេលានេះ បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ក៏ដូចជាកម្លាំងនគរបាលខេត្តស្វាយរៀង ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនមានការលើកលែងឡើយ៕
សម្រួលអត្ថបទ÷ដោយមលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន