ខេត្តកណ្ដាល÷ ស្នាក់ការគយចល័តតំបន់២ មួយកន្លែង ដែលមានទីតាំងឈរជើងនៅលើខ្សែផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងក្រុមអាជីវករថា បាននិងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកទាំងថ្ងៃទាំងយប់ មិនមែនដើម្បីទប់ស្កាត់ទំនិញគេចពន្ធនោះទេ គឺមមាញឹកក្នុងការចាំតែទទួលលុយ «ថ្លៃបាយទឹក» និងទទួលទូរស័ព្ទពីក្រុមអ្នកដឹកជញ្ជូន ដើម្បីកត់ស្លាកលេខរថយន្ត ប្រភេទឡាន និងប្រភេទទំនិញតែប៉ុណ្ណោះ។
សកម្មភាពនេះកំពុងរងការរិះគន់ថា ធ្វើឡើងដោយមិនខ្វល់ខ្វាយពីវិធានការមុតស្រួច និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែណែនាំឱ្យមន្ត្រីក្រោមឱវាទពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសគេចពន្ធគ្រប់ប្រភេទ ដើម្បីការពារចំណូលថវិកាជាតិឡើយ។
បើតាមប្រភពបង្ហើបឱ្យដឹងពីក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងដែនឆ្លងកាត់ផ្លូវជាតិលេខ២ បានទម្លាយថា ពួកគាត់ត្រូវរាយការណ៍ជាមុនតាមទូរស័ព្ទទៅមន្ត្រីគយចល័តតំបន់២ ប្រចាំការនៅស្នាក់ការស្រុកកណ្តាលស្ទឹង ដើម្បីសុំបើកផ្លូវ ឬត្រូវចូលទៅបង់លុយថ្លៃបាយទឹកតិចឬច្រើន ទៅតាមប្រភេទទំនិញ និងទំហំរថយន្តតូចធំ ដែលក្រុមមន្ត្រីគយទាំងនោះបានកំណត់ទុក ដោយមិនអាចកុហក ឬគេចវេសបានឡើយ។ ដោយឡែកសម្រាប់ក្រុមហ៊ុនធំៗ ដែលមានឥទ្ធិពលខាងម៉ៅការដឹកទំនិញឆ្លងដែនវិញ គឺមិនបង់លុយផ្ទាល់ដៃនោះទេ ដោយពួកគេគ្រាន់តែរាយការណ៍កត់ស្លាកលេខធ្វើបញ្ជីសរុប សម្រាប់ទូទាត់ជាប្រចាំសប្តាហ៍ ឬប្រចាំខែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃ គេតែងតែឃើញរថយន្តដឹកទំនិញឈប់បន្តកន្ទុយគ្នា ចូលទៅបង់លុយថ្លៃបាយទឹកជាហូរហែឥតដាច់នៅស្នាក់ការគយចល័តតំបន់២ ស្រុកកណ្តាលស្ទឹងមួយនេះ។ ក្រុមអាជីវករបានទម្លាយតម្លៃទៀតថា «ថ្លៃបាយទឹក» របស់លោកមន្ត្រីគយចល័តនៅទីនោះ គឺកំណត់យក៖
សម្រាប់រថយន្តប្រភេទសាំងយ៉ុង ឬរថយន្តតួរីស៖ តម្លៃចាប់ពី ៧ម៉ឺន ដល់ ១៥ម៉ឺន ឬ ២០ម៉ឺនរៀល។
សម្រាប់រថយន្តដឹកទំនិញធំៗ៖ តម្លៃចាប់ពី ៣០ម៉ឺន ដល់ ៦០ម៉ឺនរៀល (គិតទៅតាមប្រភេទទំនិញជាក់ស្តែង)។
ដោយឡែក បើជាប្រភេទដឹករថយន្តទំនិញពិសេស គ្រឿងអេឡិចត្រូនិក ឬទំនិញហាមឃាត់ផ្សេងៗ តម្លៃនេះនឹងត្រូវកើនឡើងកាន់តែខ្ពស់ជាងនេះ ទៅតាមការចរចាជាក់ស្តែងរវាងមន្ត្រីគយ និងម្ចាស់ទំនិញ។
ជាការកត់សម្គាល់ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្រ្កាបទំនិញគេចពន្ធ ទើបតែបានចុះទៅត្រួតពិនិត្យអនុលោមភាពទំនិញនៅក្នុងឃ្លាំងចំនួន៣ នៅច្រកទ្វារព្រំដែនភ្នំឌិន ដោយបានរកឃើញទំនិញហាមឃាត់នាំចូល និងទំនិញគេចពន្ធជាច្រើនប្រភេទ រួមទាំងប្រេងកែច្នៃក្លែងក្លាយជាង ២០០ធុង។ ជាងនេះទៅទៀត នៅដើមខែមិថុនា ឆ្នាំ២០២៦ នេះ ទំនិញចម្រុះបង់ពន្ធមិនគ្រប់ជិត ១០តោន និងសាច់បង្កកខុសច្បាប់ជាង ៣តោន ក៏ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គបុរី ធ្វើការបង្ក្រាបបានផងដែរ ក្រោយលបលួចនាំចូលតាមច្រកព្រំដែនបាក់ដៃ។
ករណីបង្ក្រាបបានជាបន្តបន្ទាប់នៅតំបន់ព្រំដែននេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ប៉ុន្មានណាស់ទៅហើយ ដែលបានលបលួចឆ្លងកាត់ស្នាក់ការគយចល័តតំបន់២ ស្រុកកណ្តាលស្ទឹង ចូលទៅកាន់រាជធានីភ្នំពេញ ក្រោមរូបភាពបង់ «លុយបាយទឹក» កន្លងមកនេះ?
ក្រុមអាជីវករ និងប្រជាពលរដ្ឋបានលើកឡើងក្នុងន័យរិះគន់ដើម្បីស្ថាបនាថា ដរាបណាថ្នាក់ដឹកនាំគយចល័តតំបន់២ នៅតែបណ្តែតបណ្តោយឱ្យមន្ត្រីក្រោមឱវាទអនុវត្តគោលការណ៍ «ច្រវ៉ាចិញ្ចឹមឆ្តោ» បែបនេះ នោះថវិកាចំណូលជាតិដែលត្រូវប្រមូលចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ នឹងត្រូវបាត់បង់ និងធ្លាយចូលទៅក្នុងហោប៉ៅបុគ្គលធ្វើមានធ្វើបានផ្ទាល់ខ្លួន ក្រោមលេស «ថ្លៃបាយទឹក» ដែលគ្មានវិក្កយបត្រពន្ធគយត្រឹមត្រូវនោះឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចស្វែងរកការបកស្រាយ ឬបំភ្លឺពីលោកប្រធានស្នាក់ការគយចល័តតំបន់២ ប្រចាំផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹងបាននៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង។ យ៉ាងណាមិញ អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនTVយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល ដើម្បីទូទាត់ព័ត៌មានឱ្យកាន់តែមានតម្លាភាព និងសុក្រឹតភាព ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕
អត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

